រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីលោក Hakan Fidan និយាយថា លោកមាននូវជំនួបដាច់ដោយឡែកជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកជាច្រើនរូប និងសមភាគីស៊ីរី អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាលើការអភិវឌ្ឍនៅក្នុងប្រទេសស៊ីរី និងតំបន់ហ្កាហ្សា ។ លោកថា សហរដ្ឋអាមេរិកយល់ថា ស៊ីរីត្រូវការរួបរួមគ្នា ។
ថ្លែងទៅកាន់សារព័ត៌មានទួរគី ក្រោយជំនួបនោះ លោក Fidan និយាយថា លោកត្រូវបានគេអញ្ជើញឲ្យចូលរួមផ្នែកមួយនៃជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ហើយលោកបានជួបជាមួយផងដែរ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio លោកអនុប្រធានាធិបតី JD Vance ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff និងលោក Tom Barrack ។

ក្រោយមក លោក Fidan បានជួបដាច់ដោយឡែកជាមួយលោក Sharaa និងរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Asaad al-Shibani ។
រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានស្វាគមន៍លោក Sharaa សម្រាប់កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រ នៅសេតវិមាន កាលពីថ្ងៃចន្ទ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ស៊ីរីកំពុងចូលរួមក្នុងសម្ព័ន្ធសកលប្រឆាំងនឹងក្រុម ISIS។
លោក Sharaa ដែលកងកម្លាំងរបស់លោក បានទម្លាក់អ្នកកាន់អំណាចដ៏យូរ គឺលោក Bashar al-Assad កាលពីចុងឆ្នាំមុន គឺជាមេដឹកនាំស៊ីរីដំបូងគេដែលបានធ្វើទស្សនកិច្ចនៅសេតវិមាន គិតចាប់តាំងពីប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៤៦ ៕
