រដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ បាននិយាយថា ប្រទេសរបស់លោក កំពុងធ្វើការដើម្បីហាមឃាត់ទំនិញពីការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។
លោក David van Weel បានធ្វើអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់វេសបែង ( West Bank) ជាកន្លែងដែលលោក បានទៅទស្សនាតំបន់មួយដែលពីមុនត្រូវបានវាយប្រហារដោយអ្នកតាំងលំនៅឋានអ៊ីស្រាអែល។

ប្រទេសហូឡង់បានផ្អាកកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តទណ្ឌកម្មកាន់តែទូលំទូលាយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីការឈប់បាញ់ជាមួយក្រុមហាម៉ាសកាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ អំពើហិង្សាដោយអ្នកតាំងលំនៅឋាន នៅក្នុងតំបន់វេសបែង បានជំរុញឲ្យមានការថ្កោលទោសពីអន្តរជាតិ។
លោក Van Weel បានប្រាប់សារព័ត៌មាន The Guardian ថា៖«បច្ចុប្បន្ន យើងយល់ថា វាមិនមែនជាពេលវេលា ដើម្បីបង្កើនទណ្ឌកម្មលើអ៊ីស្រាអែលទេ ពីព្រោះយើងចង់ឃើញផែនការសន្តិភាព ត្រូវបានអនុវត្ត ហើយយើងក៏ចង់លើកទឹកចិត្តអ៊ីស្រាអែលឲ្យដើរតួនាទីវិជ្ជមានក្នុងរឿងនេះផងដែរ»។
«ក្នុងពេលជាមួយគ្នានេះ យើងមិនមែនធ្វើមិនដឹងមិនឮចំពោះចលនាណាមួយ នៅតំបន់វេសបែង ដែលអាចធ្វើឲ្យដំណោះស្រាយរដ្ឋពីរ កាន់តែនៅឆ្ងាយនោះទេ»៕
