បាល់ទាត់៖ ក្រុមអង្គរថាយហ្គឺរបានយកឈ្នះ ក្រុមគិរីវង់សុខសែនជ័យដោយលទ្ធផល ២-០ ដើម្បីហក់ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាសប្ដាហ៍ទី២ នៅលើទឹកដីរបស់ខ្លួន។

ជំនួបនៅកីឡដ្ឋាន SRU ខេត្តសៀមរាបនេះ អង្គរថាយហ្គឺរបានស៊ុតគ្រាប់បាល់នាំមុខក្រុមភ្ញៀវ តាំងពី ៤នាទីដំបូងដោយកីឡាករ តាំង ពិសី ក្រោយការបញ្ជូនដ៏ល្អពីមិត្តរួមក្រុម Da Cruz។ បន្ទាប់មកគិរីវង់បានព្យាយាមវាយបក តែធ្វើមិនបានសម្រេចនោះទេ។ ចូលវគ្គទី២ ក្រុមទាំងពីរ នៅតែបន្ដវាយសម្រុកគ្នារហូតដល់នាទី៦៤ ដោយសារការធ្វេសប្រហែសរបស់ខ្សែការពារក្រុមគិរីវង់ បានបង្កឱកាសឲ្យកីឡាករ ឡុង ម៉េងហាវ ស៊ុតគ្រាប់ទី២ ឲ្យក្រុមម្ចាស់ផ្ទះ ហើយលទ្ធផលនាំមុខ ២-០ នេះបានរក្សារហូតដល់ចប់ការប្រកួតតែម្ដង។ នេះគឺជាជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតបើករដូវកាលថ្មីរបស់ក្រុមអង្គរថាយហ្គឺរ ដែលនាំឲ្យពួកគេឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងសប្ដាហ៍ទី២ ដោយមាន ៤ពិន្ទុ ជាមួយលទ្ធផល ២ប្រកួតឈ្នះ១ និងស្មើ១ ខណៈគិរីវង់បន្ដមាន ៣ពិន្ទុស្មើក្រុមភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៏ និងអគ្គិសនីកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា