ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជួយសង្រ្គោះរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវា MS Westerdam ចូលចត ក្រោយប្រទេសជាច្រើនបដិសេធ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានរយៈពេល២ឆ្នាំកន្លងផុតក៏ពិតមែន ក៏មានជនបរទេស បានលើកឡើងថា ការជួយសង្គ្រោះមនុស្សលើនាវានេះ ជាទ្វើមនុស្សធម៌ និងក្លាយជាការចងចាំក្នុងចិត្តរបស់អ្នកទេសចរណ៍ជានិច្ច។
ស្របពេលថ្ងៃនេះ ជាខួបពីរឆ្នាំនៃព្រឹត្តិការណ៍នាវាខ្នាតយក្សMS Westerdam ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ចូលសំចតនៅកំពង់ផែសមុទ្រប្រទេសកម្ពុជា បន្ទាប់ពីនាវានេះ មានអ្នកទេសចរណ៍ជាងពីរពាន់នាក់ ដែលមកពីចម្រុះជាតិសាសន៍ត្រូវបានបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បានបដិសេធមិនឲ្យចូលសំចត ដោយសារតែមានភាពភ័យខ្លាចមេរោគកូវីដ១៩នោះ មានជនបរទេសដែលមកកម្សាន្តនៅកម្ពុជា បានលើកឡើងចំពោះទង្វើដែលគិតគូរ និងខ្វល់ខ្វាយចំពោះអ្នកទេសចរណ៍លើនាវាខ្នាតយក្ស គឺជាគំរូឆ្លុះបញ្ចាំងអំពីការជួយគ្នាទៅវិញទៅមករបស់កម្ពុជា ចំពោះជាតិសាសន៍ដ៏ទៃទោះក្នុងស្ថានភាពរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
ពួកគេ បានលើកឡើងថា ប្រសិនមិនមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាទេ គឺអ្នកទេសចរណ៍ទាំងនោះមិនអាចមានលទ្ធភាពត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនឡើយ។ ពួកគេ បន្តថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចំពោះនាវាខ្នាតយក្សនេះនឹងក្លាយជាការចងចាំចំពោះអ្នកទេសចរណ៍ជានិច្ច។
គួរបញ្ជាក់ថា តាមរយៈកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសមានចិត្តដ៏ជ្រាលជ្រៅបំផុតលើផ្នែកការងារមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលកាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។
ក្នុងនោះ ការអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សនេះចូលចតនៅកម្ពុជា ក៏មានអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស, អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី, និងអង្គទូតនានាប្រចាំនៅកម្ពុជាសុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌មួយនេះយ៉ាងជ្រាលជ្រៅផងដែរ៕ អត្ថបទ៖ សេក ឧត្តម