រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅអគារតុលាការប្រចាំតំបន់ ក្នុងតំបន់លំនៅឋាននៃរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន បានបណ្ដាលឲ្យមនុស្ស ១២នាក់យ៉ាងតិចបាត់បង់ជីវិត ហើយយ៉ាងហោចណាស់ ២៧នាក់រងរបួស នៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា៖ «នៅវេលាម៉ោង ១២:៣៩នាទីយប់ (ម៉ោងក្នុងស្រុក) ការវាយប្រហារអត្តឃាតមួយ ត្រូវបានធ្វើឡើងនៅ Kachehri (តុលាការតំបន់) ហើយមកទល់ពេលនេះ មនុស្ស ១២នាក់ បានបាត់បង់ជីវិត ខណៈប្រហែល ២៧នាក់បានរងរបួស»។

ការបំផ្ទុះដែលបាននាំឲ្យមនុស្សរត់ប្រសេចប្រសាច និងបណ្ដាលរថយន្តរងការខូចខាតនៅក្នុងតំបន់នោះ បានកើតឡើងនៅជិតច្រកចូលនៃតុលាការតំបន់ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាធម្មតាមានមនុស្សកកកុញដោយសារទៅតវ៉ាគ្នារឿងក្ដី»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីរូបភាពដ៏គួរខ្លាចនៃទីតាំងកើតហេតុនោះ ដោយមានបុគ្គលឈាមស្រោចពេញខ្លួនដេកនៅក្បែររថយន្តនគរបាល ជាអ្វីដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយ។ សាក្សីម្នាក់បានប្រាប់ថា រូបគេបានឃើញសាកសពមនុស្ស ២នាក់ស្លាប់នៅកន្លែងកើតហេតុ។
នគរបាល និងទាហានប៉ារ៉ា បានចងខ្សែហ៊ុមព័ទ្ធបិទតំបន់នោះដែលមានការិយាល័យរដ្ឋាភិបាលជាច្រើន ក្នុងនោះរួមទាំងស្នងការរដ្ឋបាល និងស្នងការរងផងដែរ៕


