ស្ថាប័នរដ្ឋាភិបាលទទួលខុសត្រូវលើការគ្រប់គ្រងគុណភាពខ្យល់ បានឲ្យដឹងថា ប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការប្រឆាំងការបំពុលកាន់តែតឹងរ៉ឹង នៅក្នុងរដ្ឋធានីញូវដេលីរបស់ខ្លួន និងតំបន់ជាប់គ្នា នៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ ខណៈគុណភាពខ្យល់បានធ្លាក់ចុះដល់កម្រិត «ធ្ងន់ធ្ងរ»។
គណៈកម្មាការសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់ បានបញ្ជាក់ថា ដំណាក់កាលទី៣ នៃផែនការសកម្មភាពឆ្លើយតបតាមលំដាប់ថ្នាក់ ត្រូវបានអនុវត្តនៅថ្ងៃទី១១ ខែវិច្ឆិកានេះ «ដោយបន្តផ្ដោតលើនិន្នាការនៃគុណភាពខ្យល់បច្ចុប្បន្ន ហើយជាកិច្ចប្រឹងប្រែង ដើម្បីការពារកុំឲ្យធា្លក់ចុះបន្ថែមទៀត»។

នៅក្រោមដំណាក់កាលទី៣ នេះ ការសាងសង់មិនសំខាន់ ត្រូវបានហាមឃាត់ ហើយការទប់ស្កាត់សកម្មភាពឧស្សាហកម្មដែលប្រើប្រាស់ឥន្ធនៈបំពុល ត្រូវបានអនុវត្ត។
ទិន្នន័យរបស់ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលកណ្តាល បានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុងញូវដេលី ស្ថិតនៅលើ ៤០០ នៅស្ថានីយ៍ត្រួតពិនិត្យជាច្រើន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ដែលជាប្រភេទ «ធ្ងន់ធ្ងរ» បើប្រៀបធៀបជាមួយនឹងកម្រិត «ល្អ» ក្រោម ៥០។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាកាលពីចុងសប្តាហ៍ នៅឯវិមាន Indian Gate ដែលនគរបាលបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ដែលទាមទារឲ្យមានខ្យល់អាកាសបរិសុទ្ធ ដែលជាបាតុកម្មសាធារណៈដ៏កម្រមួយប្រឆាំងនឹងការបំពុល នៅក្នុងរដ្ឋធានីនេះ៕


