ប្រធានទីភ្នាក់ងារបម្រុងរដ្ឋ នៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ប៊ុលហ្គារីនៅសល់ការផ្គត់ផ្គង់ប្រេងសាំងរយៈពេល ១ខែទៀត ខណៈដែលប្រទេសនេះត្រៀមប្រឈមនឹងការចាប់ផ្តើមនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់លើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី គឺ Lukoil ដែលជាម្ចាស់រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត និងហេដ្ឋារចនាសម្ព័ន្ធស្តុក និងបំពង់បង្ហូរប្រេងភាគច្រើនរបស់ប្រទេសនេះ។

សហរដ្ឋអាមេរិក និងអង់គ្លេស កាលពីខែមុន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lukoil និង Rosneft ដែលជាក្រុមហ៊ុនប្រេងធំបំផុត ២ របស់រុស្ស៊ី ជុំវិញការធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ នៅប្រទេសអ៊ុយក្រែន ដោយគំរាមកំហែងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំង២ ដែលនៅតែគ្របដណ្ដប់ពាសពេញអឺរ៉ុប។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា បានធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅមុនរដូវរងា ក្នុងប្រទេសប៊ុលហ្គារី ជាកន្លែងដែលក្រុមហ៊ុន Lukoil ដំណើរការរោងចក្រចម្រាញ់ Burgas ដែលជាផ្នែកដ៏សំខាន់នៃអាណាចក្រពាណិជ្ជកម្មបរទេសរបស់ក្រុមហ៊ុន និងស្ថានីយ៍ប្រេងសាំងរាប់រយ។
លោក Assen Asenov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន BTA របស់ប៊ុលហ្គារី ដែលបាននិយាយថា មានប្រេងសាំងបម្រុងប្រហែល ៣៥ថ្ងៃ និងប្រេងម៉ាស៊ូតលើសពី ៥០ថ្ងៃ៕
