អ្នកស្រី Aminath Bibi ដែលជាប្រជានេសាទមួយរូប បង្ខំចិត្តបោះបង់ចោលផ្ទះតំបន់ឆ្នេររបស់គាត់នៅភូមិ Mamu Dablu កាលពីរយៈពេល ៦ខែមុន ។
ភូមិរបស់គាត់ស្ថិតនៅជិតទីក្រុងកំពង់ផែ Keti Bandar ភាគខាងត្បូងប្រទេសប៉ាគីស្ថានដែលធ្លាប់ជាទីកន្លែងតាំងលំនៅរបស់ប្រជានេសាទ ។
ប៉ុន្តែនីវ៉ូទឹកសមុទ្រកើនឡើងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ បានលេបយកតំបន់ឆ្នេរគ្មានសេសសល់ ធ្វើឲ្យសហគមន៍ទាំងមូលបង្ខំចិត្តជម្លៀសខ្លួនចូលដីគោក ។
បច្ចុប្បន្នអ្វីៗដែលនៅសេសសល់ គឺជាខ្ទបដែលគេបោះបង់ចោលនៅកណ្តាលសមុទ្រប៉ុណ្ណោះ ។
អ្នកស្រី Aminath និងគ្រួសាររបស់គាត់ដែលមានសមាជិក ៥នាក់ បានផ្លាស់ទីលំនៅទៅកាន់ភូមិ Meeru Dablu គឺជាភូមិមួយទៀតដែលមានចម្ងាយពីគ្នា ១០គ.ម ប៉ុន្តែទឹកសាបក្សត់ខ្លាំងណាស់ ហើយការនេសាទត្រីដែលជាមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ លែងស្ថិតស្ថេរទៀតហើយ ។
អ្នកស្រីនិយាយថា ពួកយើងប្រឈមនឹងបញ្ហាច្រើនណាស់ ពេលដែលនីវ៉ូទឹកសមុទ្រកើនឡើងបែបនេះ ។ ពួកយើងពិបាករកត្រី និងពិបាកចិញ្ចឹមកូនៗរបស់ពួកយើង ។
អ្នកស្រីស្ថិតនៅក្នុងចំណោមពលរដ្ឋប៉ាគីស្ថានច្រើនឡើងដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ពេលដែលនីវ៉ូទឹកសមុទ្រកើនឡើង ជ្រៀតចូលតំបន់ដីសណ្តរ ហើយលេបសហគមន៍ឆ្នេរសមុទ្រ ។
ប៉ាគីស្ថានប្រឈមនឹងការលំបាក ពីការផ្លាស់ទីជម្រកដោយសារបម្រែបម្រួលអាកាសធាតុ ដែលអាចជម្លៀសមនុស្សជិត ២លាននាក់ ក្នុងរយៈពេល ២៥ឆ្នាំក្រោយ ៕