ស្របពេលដែលក្រុមមេដឹកនាំពិភពលោកជួបជុំគ្នានៅកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិក្នុងប្រទេសប្រេស៊ីល ការជំរុញវិធានការអាកាសធាតុ បានលេចចេញជារូបរាងឡើងនៅប្រទេសឥណ្ឌា ។
នៅក្នុងភូមិ Sawarda ដែលជាភូមិវាលខ្សាច់ដ៏តូចមួយ ស្ថិតក្នុងរដ្ឋ Rajasthanរបស់ប្រទេសឥណ្ឌា ការងាកមកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ កំពុងផ្លាស់ប្តូរជីវិតមនុស្សពីកសិកម្ម មកជាថ្នាក់រៀន ដោយសាររោងចក្រពន្លឺព្រះអាទិត្យត្រូវបានដំឡើងកាលពីរយៈពេលជិត ១៨ខែមុន ។
ធ្លាប់ញាំញីដោយសារដាច់ចរន្តអគ្គិសនី និងវាលស្រែស្ងួតហួតហែង ភូមិមួយនេះ ទទួលបានថាមពលពន្លឺព្រះអាទិត្យ ។ បច្ចុប្បន្នបន្ទះស្រូបពន្លឺព្រះអាទិត្យច្រើនជួរ មាននៅពាសពេញភូមិ ដើម្បីផ្តល់ថាមពលដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងកសិដ្ឋានរបស់ពួកគេ ។
សម្រាប់អ្នកភូមិនៅទីនេះ វាគ្មានអ្វីក្រៅពីបដិវត្តន៍ថ្មីនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេនោះឡើយ ។
អ្នកស្រី Anita Kumari ស្ថិតនៅក្នុងចំណោមពលរដ្ឋរស់នៅក្នុងភូមិ Sawarda ទទួលយកបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ ។ ជាមួយប្តីរបស់គាត់ ពួកគេបានដំឡើងរោងចក្រពន្លឺព្រះអាទិត្យនៅលើដីស្ងួតរបស់ពួកគេ ។
អ្នកស្រី Kumari និយាយថា ពីមុន ភូមិរបស់ពួកយើងងងឹតឈឹងនៅពេលយប់ ហើយកម្តៅមិនអាចទ្រាំបាននោះទេ ប៉ុន្តេបច្ចុប្បន្នជាមួយថាមពលពន្លឺព្រះអាទិត្យ ពួកយើងភ្លឺនៅពេលយប់ មានកង្ហាវិលនៅពេលថ្ងៃ ។ អ្នកស្រីបន្តថា អរគុណថាមពលពន្លឺព្រះអាទិត្យ កសិកម្មនៅរដ្ឋ Rajasthan កំពុងរីកលូតលាស់ខ្លាំងផងដែរ ៕