ក្រុមអ្នកវិទ្យាសាស្រ្តឈីលី បានព្រមានពីហានិភ័យបន្ថែមទៀតចំពោះការធ្លាក់ចុះចំនួនសត្វផេនឃ្វីន Humboldt ដែលស្ថិតក្នុងចំណោមពពួកសត្វប៉ុន្មានប្រភេទប៉ុណ្ណោះ រស់នៅតាមឆ្នេរសមុទ្រថ្ម ក្រោយក្រុមមន្រ្តីប្រកាសថា សត្វប្រភេទជិតផុតពូជ ។
តំបន់ឆ្នេរប៉ាស៊ីហ្វិកឈីលី ជាជម្រក ៨០ភាគរយនៃសត្វផេនឃ្លីន Humboldt សេសសល់នៅលើពិភពលោក ហើយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Universidad de Concepcion បានប៉ាន់ប្រមាណថា ចំនួនរបស់វា បានធ្លាក់ចុះមកនៅតិចជាង ២ម៉ឺនក្បាលប៉ុណ្ណោះ ពីចំនួន ៤៥.០០០ក្បាលកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ។
អង្គការអន្តរជាតិ បានចាត់ទុកសត្វប្រភេទនេះថា ងាយរងគ្រោះ ហើយហាមប្រាមពីការធ្វើពាណិជ្ជកម្ម ប៉ុន្តែកាលពីចុងខែមុន ក្រសួងបរិស្ថានឈីលី បានចាត់ថ្នាក់ឡើងវិញថា សត្វបក្សីសមុទ្រនេះជិតផុតពូជ ។ ក្រុមអ្នកជីវវិទូបារម្ភថាចំនួននឹងបន្តធ្លាក់ចុះបន្ថែមទៀត ។
ការបាត់បង់ទីជម្រក ការបំពុល ជំងឺគ្រុនផ្តាសាយបក្សី និងផលប៉ះពាល់កាន់តែអាក្រក់ខ្លាំងនៃបម្រែបម្រួលអាកាសធាតុ រួមចំណែកធ្វើឲ្យចំនួនសត្វផេនឃ្លីន ធ្លាក់ចុះ ។
លោក Guillermo Cubillos គឺជាជីវវិទូសមុទ្រនៅសួនសត្វជាតិឈីលី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការគំរាមកំហែងជាច្រើនដែលសត្វផេនឃ្វីនប្រឈមបច្ចុប្បន្ន ពុំទាន់ថមថយនោះទេ ៕