ក្រសួងការពារជាតិរបស់ប្រទេសទួរគី បាននិយាយថា យន្តហោះយោធាទួរគីដែលមានមនុស្សយ៉ាងហោចណាស់២០នាក់ជិះនៅលើនោះបានធ្លាក់នៅក្នុងប្រទេសហ្សកហ្ស៊ី ជិតព្រំដែនជាមួយប្រទេសអាស៊ែបៃហ្សង់។ រដ្ឋាភិបាលប្រទេសទួរគីនិយាយថា មនុស្សទាំង២០នាក់នៅលើយន្តហោះបានស្លាប់ក្នុងគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងយន្តហោះដឹកទំនិញ C-130 ខណៈហោះចេញពីទីក្រុង Ganja ប្រទេសអាស៊ែបៃហ្សង់កាលពីថ្ងៃអង្គារ។

ក្រសួងការពារជាតិទួរគីបាននិយាយថា មានបុគ្គលិកទួរគី២០នាក់ រួមទាំងអ្នកបម្រើការនៅលើយន្តហោះ C-130 ប៉ុន្តែពុំបាននិយាយអំពីអ្នកដំណើរដែលមានសញ្ជាតិផ្សេងទៀតនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បុគ្គលិកប្រទេសអាស៊ែបៃហ្សង់ ក៏បានធ្វើដំណើរនៅលើយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិកនោះផងដែរ ដែលកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសទួរគីវិញនៅពេលដែលយន្តហោះបានធ្លាក់។ វីដេអូដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាស៊ែរបៃហ្សង់ បានបង្ហាញពីយន្តហោះបញ្ជូនពពកផ្សែងខ្មៅដ៏ក្រាស់ទៅលើអាកាសបន្ទាប់ពីបានធ្លាក់បុកដី។

លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទួគី បាននិយាយថាសមភាគីហ្សកហ្ស៊ី លោកGela Geladze បានទៅដល់កន្លែងកើតហេតុ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានសម្តែងការសោកស្ដាយជាខ្លាំង ចំពោះឧប្បត្តិហេតុធ្លាក់យន្តហោះនេះ ដោយបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត។