លោក Jared Kushnerបេសកជន និងជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានវិលត្រឡប់ទៅកាន់អ៊ីស្រាអែលវិញកាលពីថ្ងៃចន្ទ ខណៈក្រុមអ្នកសម្របសម្រួលប្រឈមនឹងឧបសគ្គថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជំរុញការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនៅហ្កាហ្សាទៅកាន់ដំណាក់កាលបន្ទាប់ និងស្មុគស្មាញជាងនេះ។

ចំណុចខ្ទាស់សំខាន់ៗនៅតែមិនទាន់ដោះស្រាយបាន រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស ការកសាងឡើងវិញ និងការគ្រប់គ្រងនាពេលអនាគតនៃដៃនដីហ្កាហ្សា និងការដាក់ពង្រាយកម្លាំងសន្តិសុខអន្តរជាតិទៅកាន់ដែនដីនោះ។
បើគ្មានពេលវេលាសម្រាប់ការពិភាក្សា ដែលទំនងជាតម្រូវឱ្យមានសម្បទានសំខាន់ៗពីទាំងអ៊ីស្រាអែល ទាំងក្រុមហាម៉ាសទេ វឌ្ឍនភាពណាមួយពិតជាមិនអាចសម្រេចបានទេ ។
បញ្ហាប្រឈមមួយទៀតបានលេចឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងយុទ្ធជនហាម៉ាសជាច្រើននាក់ ដែលគេជឿថាស្ថិតនៅក្នុងផ្លូវរូងក្រោមដី ក្រោមទីក្រុង Rafah ភាគខាងត្បូង នៅពីក្រោយអ្វីដែលហៅថា "ខ្សែបន្ទាត់លឿង" ដែលគេដឹងថាជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។
កាលពីសប្តាហ៍មុន បេសកជនពិសេសអាមេរិក លោក Steve Witkoff និយាយថា ការលើកលែងទោសអាចត្រូវបានផ្តល់ជូនសម្រាប់យុទ្ធជនដែលបានទម្លាក់អាវុធរបស់ពួកគេ ហើយនេះអាចជា គំរូ សម្រាប់អ្វីដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងអនុវត្តក្នុងតំបន់សេសសល់នៅហ្កាហ្សា។លោកថា យុទ្ធជន ២០០ នាក់បានជាប់ខ្លួន ទោះបីជាចំនួននេះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។
ក្រុមហាម៉ាសធ្លាប់បាននិយាយថា ក្រុមយុទ្ធជននឹងមិនចុះចាញ់ឡើយ ហើយទាមទារឱ្យពួកគេទទួលបានផ្លូវឆ្លងកាត់ដោយសុវត្ថិភាព ដែលរហូតមកដល់ពេលនេះត្រូវបានបដិសេធដោយអ៊ីស្រាអែល៕


