ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ស្ត្រី បានលើកឡើងកាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) ថា ស្ត្រីដែលរត់ភៀសខ្លួនចេញពីទីក្រុង Al-Fashir របស់ប្រទេសស៊ូដង់ បានរាយការណ៍ពីកំណើននៃការកាប់សម្លាប់ ការរំលោភបំពានផ្លូវភេទជាប្រព័ន្ធ និងការបាត់ខ្លួនរបស់កូនៗពួកគេ បន្ទាប់ពីទីក្រុងដ៏ធំនៅតំបន់ Darfur មួយនេះ ត្រូវវាយដណ្ដើមបាន ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។

ការដួលរលំរបស់ក្រុង Al-Fashir នៅថ្ងៃទី២៦ ខែតុលា បានពង្រឹងការគ្រប់គ្រងបន្ថែមទៀតរបស់កងកម្លាំង RSF នៃតំបន់ Darfur ក្នុងសង្រ្គាមជាង ២ឆ្នាំកន្លះរបស់ខ្លួន ជាមួយកងទ័ពស៊ូដង់។ ប្រជាជនដែលភៀសខ្លួនចេញពីក្រុងនេះ បានរៀបរាប់ទាំងភ័យរន្ធត់ថា ជនស៊ីវិលត្រូវបានបាញ់សម្លាប់យ៉ាងឃោរឃៅតាមដងផ្លូវ និងរងការវាយប្រហារដោយយានដ្រូន។
លោកស្រី Anna Mutavati នាយកប្រចាំតំបន់របស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី នៅអាហ្វ្រិកខាងកើត និងខាងត្បូង បានប្រាប់អ្នកយកព័ត៌មានថា៖ ស្ត្រីដែលរត់គេចពីក្រុង Al-Fashir និយាយថា ពួកគេមើលឃើញការកាប់សម្លាប់ ការចាប់រំលោភ និងបែកខ្ញែកពីកូនៗរបស់ពួកគេ ហើយនោះជា "ភាពភ័យរន្ធត់ដែលពុំមាននរណាម្នាក់អាចស៊ូទ្រាំបានឡើយ"។ លោកស្រីព្រមានថា ហិង្សាផ្លូវភេទបានរីករាលដាល និងត្រូវប្រើជាអាវុធក្នុងសង្គ្រាម ហើយរាងកាយស្ត្រីបានក្លាយជាកន្លែងឧក្រិដ្ឋកម្មនៅស៊ូដង់។
គួរឱ្យដឹងថា ស្ត្រី និងកុមារីប្រហែល ១១លាននាក់ កំពុងប្រឈមអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅក្នុងតំបន់ Darfur ដែលរងគ្រោះដោយទុរ្ភិក្ស ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ស្ត្រី បានព្រមានថា ពួកគេថែមទាំងប្រឈមអំពើហិង្សាផ្លូវភេទដ៏អាក្រក់ផងដែរ នៅពេលស្វែងរកអាហារចម្អែតក្រពះ៕

