សមាជិកសភាតំណាងរាស្រ្ដមកពីរដ្ឋនានារបស់សហរដ្ឋអាមេរិក បានធ្វើដំណើរត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ កាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) បន្ទាប់ពីសម្រាកអស់ពេល ៥៣ថ្ងៃ ដោយឆ្លងកាត់ការកកស្ទះនៅអាកាសយានដ្ឋានដ៏ច្របូកច្របល់ ដើម្បីទៅបោះឆ្នោតក្នុងសភា ដែលអាចនាំឱ្យការបិទរដ្ឋាភិបាលរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ឈានទៅរកទីបញ្ចប់។

សភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ គ្រោងនឹងបោះឆ្នោតនៅរសៀលថ្ងៃពុធ ទី១២ ខែវិច្ឆិកា នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) លើកិច្ចព្រមព្រៀងសម្របសម្រួលមួយ ដែលនឹងស្តារមូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាលដើម្បីបើករដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន ដែលបានបិទដំបូងតាំងតែពីថ្ងៃទី១ ខែតុលា មក គិតមកទល់នេះមានរយៈពេលលើស ៤០ថ្ងៃទៅហើយ។

ព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បានអនុម័តកិច្ចព្រមព្រៀងនេះកាលពីយប់ថ្ងៃចន្ទកន្លងទៅ ហើយប្រធានសភា លោក Mike Johnson បានរំពឹងថា សំណើនេះក៏នឹងឆ្លងផុតសភារបស់លោកផងដែរ។ ប្រសិនបើត្រូវបានសភាអនុម័ត នោះលោកប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខាផ្ដល់ភាពផ្លូវការលើច្បាប់នេះ។
គួរឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងពង្រីកការផ្តល់មូលនិធិ ដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំក្រោយ។ នេះមានន័យថា ជាការកំណត់ដំណាក់កាលសម្រាប់លទ្ធភាពនៃការបិទរដ្ឋាភិបាលមួយផ្សេងទៀត ប្រសិនបើពុំមានដំណោះស្រាយយូរអង្វែង ហើយទុកឱ្យរដ្ឋាភិបាលសហព័ន្ធស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបន្ថែមបំណុលជាតិរបស់ខ្លួន ដល់ទៅ ៣៨សែនកោដិដុល្លារ៕
