សភាពាណិជ្ជកម្មបារាំង-កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកម្មវិធី «អបអរសាទរទិវាហ្វ្រង់កូហ្វូនី ២០២៥» ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងដើម្បីជួយផ្សព្វផ្សាយប្រជាប្រិយភាពជាសកលរបស់ប្រទេសកម្ពុជា ក៏ដូចជា ខេត្តសៀមរាប។
កម្មវិធីខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី ដល់ម៉ោង ២២:០០នាទី ដែលមានសកម្មភាពដូចជា៖
* ផ្សារវប្បធម៌ដែលមានស្តង់ប្រមាណ ៥០ស្តង់ ដាក់តាំងបង្ហាញផលិតផល និងសិប្បកម្មមកពីប្រទេសបារាំង និងផលិតផលសិប្បកម្មក្នុងស្រុករបស់ប្រទេសកម្ពុជា។
* ការប្រគំតន្ត្រីនៅយប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ឱ្យបានល្អប្រសើរនៅក្នុងការរៀបចំកម្មវិធីខាងលើ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវតាមបណ្ដោយមាត់ស្ទឹងលើវិថីពោធិ៍កំបោរ ត្រង់ចំណុចចាប់ពីសណ្ឋាគារFCC ដល់ស្ពានវត្តរាជបូព៌ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ចប់កម្មវិធី។


