ឧត្តរមានជ័យ៖ សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២០-២០២១កន្លងមកនេះ លទ្ធផលទទួលបាននិទ្ទេសអេA ត្រូវបានឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ផ្ដល់រង្វាន់ម៉ូតូជូនម្នាក់មួយគ្រឿង នៅតាមលំនៅដ្ឋានផ្ទាល់ខ្លួនរបស់សិស្សនៅថ្ងៃម្សិលមិញនេះ ។
ក្នុងឱកាសសំណេះសំណាលនាពេលនោះដែរឯកឧត្ដម ប៉ែន កុសល្យ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្មួយៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាល សិស្ស ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អ នៅក្នុងខេខេត្តឧត្តរមានជ័យ ជាពិសេសដើម្បីអនាគតខ្លួនឯងផងក្រុមគ្រួសារផង និងប្រទេសជាតិយើងផង ឲ្យស្របតាមពាក្យស្លោកថា យុវជនជាសសរទ្រូងនៃប្រទេសជាតិ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើផងដែរដល់ក្មួយៗជាសិស្សានុសិស្សដែលទទួលបានរង្វាន់ នាពេលនេះ សូមក្មួយៗត្រូវយកចិត្តទុកដាក់រៀនសូត្របន្តទៀតឲ្យបានប្រសើរ ដើម្បីអនាគតរបស់ខ្លួនមានភាពភ្លឺស្វាង ។
ម្យ៉ាងវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពគំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមដងផ្លូវដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតជាយថាហេតុទាំងឡាយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនអាចនាំឲ្យខូចអនាគតក្នុងការសិក្សារបស់ក្មួយៗផងដែរ។
សូមបញ្ជាក់ថា រង្វាន់ម៉ូតូដែលចែកផ្តល់ជូនសិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសAនៅពេលនេះមាន ឈ្មោះ ជា ស្រីខូច ភេទស្រី រៀននៅវិទ្យាល័យតេជោ សំរោងនៅក្រុងសំរោង និងឈ្មោះ វើយ ចន្នី ប្រុស រៀននៅវិទ្យាល័យហ៊ុនសែនពង្រ នៅស្រុកចុងកាល់៕អត្ថបទ៖ ឃិនសារិទ្ធ

