រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា ទីក្រុងមូស្គូ «ត្រៀមខ្លួនជាស្រេច» ដើម្បីពិភាក្សាជុំវិញការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ដោយប្រធានាធិបតី លោក Donald Trump លើកឡើងថា រុស្ស៊ីបានធ្វើការសាកល្បងនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់។

ភាពតានតឹងបានកើនឡើងរវាងប្រទេសមាននុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោក បន្ទាប់ពីការប៉ុនប៉ងចុងក្រោយដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែនបានបរាជ័យ ដោយប្រទេសរុស្ស៊ី បានធ្វើតេស្តប្រព័ន្ធអាវុធមានសមត្ថភាពបំពាក់នុយក្លេអ៊ែរដំណើរការដោយថាមពលនុយក្លេអ៊ែររបស់ខ្លួន ហើយលោក Trump បាននិយាយថាលោកកំពុងបញ្ជាឱ្យធ្វើតេស្តអាវុធអាតូមិក។

លោកបានចោទប្រកាន់ទីក្រុងមូស្គូថា បានអនុវត្តការបំផ្ទុះនុយក្លេអ៊ែរដោយសម្ងាត់ មិនមែនគ្រាន់តែជាការសាកល្បងប្រព័ន្ធបញ្ជូនដែលរដ្ឋនានាមានអាវុធនុយក្លេអ៊ែរទាំងអស់ ធ្វើជាប្រចាំនោះទេ។
លោក Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការសង្ស័យដែលលើកឡើងដោយសហសេវិកសហរដ្ឋអាមេរិករបស់យើង ទាក់ទងនឹងលទ្ធភាពដែលថា យើងប្រហែលជាកំពុងធ្វើអ្វីមួយដោយសម្ងាត់នៅក្រោមដី»។ លោកបានច្រានចោលការអះអាងរបស់លោក Trump។
លោក Trump បានចោទប្រកាន់ទាំងរុស្ស៊ី និងចិនថា បានសាកល្បងអាវុធនុយក្លេអ៊ែរ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សហរដ្ឋអាមេរិក CBS News កាលពីដើមខែនេះ បន្ទាប់ពីបានផ្អាកជំនួបកំពូលដែលបានស្នើឡើងជាមួយលោកPutin ជុំវិញសង្គ្រាមនៅអ៊ុយក្រែនភ្លាមៗ។ ប៉ុន្តែលោក Lavrov បាននិយាយថា បញ្ហាទាំងពីរនេះមិនជាប់ទាក់ទងគ្នាទេ។