កងទ័ពរុស្ស៊ីជិះទោចក្រយានយន្ត និងខ្លះជិះលើដំបូលរថយន្ត បានវាយលុកទីក្រុង Pokrovsk របស់អ៊ុយក្រែន ដែលគ្របដណ្តប់ដោយអ័ព្ទកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងប្រតិបត្តិការឡោមព័ទ្ធ ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈរុស្ស៊ីនិយាយថាកងកម្លាំងរបស់ខ្លួន ក៏បានវាយសន្ធាប់បន្ថែមទៀតផងដែរចូលទៅក្នុងទីក្រុង Kupiansk កាលពីថ្ងៃអង្គារ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានចុះពិនិត្យស្ថានការណ៍នៅទីក្រុងជួរមុខ Kherson កាលពីថ្ងៃអង្គារ ចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីទីតាំងរបស់រុស្ស៊ីឆ្លងកាត់ទន្លេ Dnipro ហើយប្រឈមនឹងការបាញ់ផ្លោង និងការវាយប្រហារឥតឈប់ឈរដោយយានដ្រូន។
វីដេអូពីអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបង្ហាញពីកម្លាំងជំនួយដែលត្រូវបានបញ្ជូនទៅទីក្រុង Pokrovsk ជាមជ្ឈមណ្ឌលភស្តុភារនៅភាគខាងកើតអ៊ុយក្រែន ដែលជាគោលដៅអស់រយៈពេល ២១ ខែ។
គេអាចមើលឃើញទាហានកំពុងជិះឆ្ពោះទៅទីក្រុង Pokrovsk តាមក្បួនទោចក្រយានយន្ត និងរថយន្ត តូច ធំ បើកដំបូល ទ្វារ និងបង្អួច ខណៈត្រូវបានគ្របដណ្តប់ដោយអ័ព្ទក្រាស់។
ចំណែកអ្នកខ្លះទៀត ស្ពាយកាំភ្លើងវែង និងកាំភ្លើងបាញ់រ៉ូកែត ខណៈពួកគេគេចពីកម្ទេចកម្ទីដែលរាយប៉ាយពាសពេញផ្លូវ ដោយអ្នកមួយចំនួនទៀតអង្គុយលើដំបូលរថយន្តដែលរងការខូចខាត។
សារព័ត៌មាន Reuters បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនោះ ដោយទីតាំងត្រូវគ្នានឹងប្លង់ផ្លូវដែលនាំទៅដល់ទីក្រុង Pokrovsk។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា មានទាហានរុស្ស៊ីប្រហែល ៣០០ នាក់កំពុងស្ថិតនៅក្នុងទីក្រុង Pokrovsk ដោយទាហានរបស់ទីក្រុងគីវ កំពុងប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៊ី ក្រោមអ័ព្ទក្រាស់ និងយានដ្រូន៕

