ចំនួនអ្នកស្លាប់ដោយសារលិចទូកដឹកជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ាមកពីសហភាពមីយ៉ាន់ម៉ាបានកើនឡើងដល់ ២៧ នាក់ និង១៤នាក់នៅមានជីវិត កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះនៅប្រទេសថៃ និងម៉ាឡេស៊ី បានរកឃើញសាកសពបន្ថែមទៀតនៅលើសមុទ្រ។

ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នករស់រានមានជីវិតម្នាក់ទៀត និងសាកសពចំនួនប្រាំបីនាក់បន្ថែមទៀតកាលពីថ្ងៃអង្គារនៅក្បែរភាគខាងជើងកោះឡាំងកាវី(Langkawi)ជិតព្រំដែនថៃ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃបានដកស្រង់សម្តីមន្ត្រីមូលដ្ឋាននៅភាគខាងត្បូងខេត្ត សាទុន (Satun)ដោយនិយាយថា សាកសពបុរសម្នាក់ទៀតដែលគេជឿថាជាជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ត្រូវបានរកឃើញកាលពីរសៀលថ្ងៃអង្គារ។ មូលនិធិជួយសង្គ្រោះ Romsai Rescue Foundation ក្នុងខេត្តនេះ បានប្រកាសពីមុនថា សាកសពចំនួន ៦ ត្រូវបានរកឃើញនៅក្នុងដែនទឹកថៃនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។
ក្រុមអាជ្ញាធរម៉ាឡេស៊ីបាននិយាយថា មនុស្សប្រមាណ ៧០ នាក់នៅលើទូកដែលត្រូវបានលិច ដោយផ្អែកលើរបាយការណ៍របស់អ្នករស់រានមានជីវិត។
ក្រុមមន្ត្រីបាននិយាយថា នាវាធំមួយគ្រឿង ដែលដឹកមនុស្សប្រហែល ៣០០ នាក់បានចេញដំណើរពីទីក្រុង Buthidaung ក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ អ្នកដំណើរទាំងនោះត្រូវគេជឿថាត្រូវបានបំបែកគ្នាជិះជាទូកតូចៗចំនួនបី នៅពេលជិតដល់ប្រទេសម៉ាឡេស៊ី។ ទូកមួយក្នុងចំណោមទូកទាំងនោះត្រូវបានគេជឿថាបានលិចនៅជិតកោះ Tarutao នៅភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕

