អ្នកស្រុកនៅកោះតៃវ៉ាន់ លើសពី ៨.៣០០នាក់ បានបន្តជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព មុនការមកដល់នៃព្យុះទីហ្វុង Fung-wong នៅថ្ងៃពុធ (១២ វិច្ឆិកា) នេះ ខណៈព្យុះបានចុះខ្សោយកម្លាំង ប៉ុន្តែក៏នៅតែនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាទៅកាន់តំបន់ភ្នំជាប់ឆ្នេរសមុទ្រភាគខាងកើត និងបង្កការជន់លិចយ៉ាងទូលំទូលាយ។ អាជីវកម្ម និងសាលារៀនត្រូវបិទទ្វារនៅតំបន់ចុងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយមនុស្សលើសពី ៥០នាក់ បានរងរបួស។

រូបភាពពីទូរទស្សន៍បានបង្ហាញឱ្យឃើញទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងផ្នែកខ្លះនៃតំបន់ជនបទភាគខាងកើត Yilan ជាមួយនឹងទឹកជម្រៅត្រឹម-ក ហើយទាហានបានបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំង។
ទីភ្នាក់ងារពន្លត់អគ្គិភ័យ បាននិយាយថា មនុស្សប្រហែល ៨.៣០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់តំបន់សុវត្ថិភាព ដែលភាគច្រើននៅក្នុងទីប្រជុំជន Yilan និងស្រុកជិតខាង Hualien ជាទីដែលខ្យល់មូសុងពីភាគខាងជើង ក៏បានបក់បោកនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង។

ព្យុះ Fung-wong ត្រូវបានគេព្យាករថានឹងបោកបក់ដល់ដីគោកនៅចុងភាគខាងត្បូងនៃកោះតៃវ៉ាន់ នៅយប់ថ្ងៃពុធនេះ មុននឹងធ្វើដំណើរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ព្យុះបានបាត់បង់កម្លាំងយ៉ាងខ្លាំង បន្ទាប់ពីឆ្លងកាត់ហ្វីលីពីន សម្លាប់មនុស្សអស់ជិត ៣០នាក់៕
