ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាថ្មីៗទាំងពីរនេះ ដែលបានបោកបក់ពាសពេញប្រទេសហ្វីលីពីន បានកើនឡើងដល់២៥៩ នាក់ និងមនុស្សរាប់លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។

ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) បាននិយាយនៅថ្ងៃពុធទី១២ វិច្ឆិកា ថា ព្យុះទីហ្វុង Fung-wong ដែលបានបោកបក់កាលពីថ្ងៃអាទិត្យជាព្យុះទីហ្វុងធំមួយមុនពេលចុះខ្សោយគួរឱ្យកត់សម្គាល់នៅពេលបោកបក់ឆ្លងកាត់ភាគខាងជើងនៃភាគកណ្តាលរបស់កោះ Luzon បានសម្លាប់មនុស្សយ៉ាងហោចណាស់២៧ នាក់ ខណៈមនុស្សពីរនាក់ទៀតនៅតែបាត់ខ្លួន។
ទីភ្នាក់ងារខាងលើបាននិយាយក្នុងរបាយការណ៍ដាច់ដោយឡែកមួយថា ព្យុះទីហ្វុង Kalmaegi ដែលបានបោកបក់នៅថ្ងៃទី ៤ ខែវិច្ឆិកា បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរ នៅកណ្តាលប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្ស ២៣២នាក់ស្លាប់ ១១២នាក់បាត់ខ្លួន និងជាង ៥០០នាក់រងរបួស។
អ្នកស្លាប់ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Cebu ដែលនៅតែរងផលប៉ះពាល់ពីការរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ កាលពីថ្ងៃ៣០ ខែកញ្ញាកន្លងទៅ ។
យោងតាមទីភ្នាក់ងារនេះ ព្យុះទាំងពីរនេះបានធ្វើឱ្យប្រជាជនរាប់លាននាក់ផ្លាស់ទីលំនៅ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនូវផ្ទះសម្បែង កសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាន។
ព្យុះទីហ្វុង Fung-wong គឺជាព្យុះស៊ីក្លូនត្រូពិកទី ២១ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ ដោយលើសពីមធ្យមភាគប្រចាំឆ្នាំចំនួន ២០ ព្យុះរបស់ប្រទេសនេះ៕

