តុលាការក្រុងសេអ៊ូល បាននិយាយថា អតីតប្រធានចារកម្មកូរ៉េខាងត្បូងមួយរូប ដែលបានដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនេះ ក្នុងអំឡុងពេលវិបត្តិច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស កាលពីឆ្នាំមុន ត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃពុធ (១២ វិច្ឆិកា) នេះ ពីបទបរាជ័យក្នុងការបំពេញកាតព្វកិច្ច។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់រដ្ឋអាជ្ញាពិសេស សម្រាប់ដីកាប្រឆាំងនឹងលោក Cho Tae-yong ដែលជាអតីតប្រធានសេវាចារកម្មសម្ងាត់ជាតិ លើការចោទប្រកាន់ថា លោកបានព្រងើយកន្តើយនឹងភារកិច្ចរបស់ខ្លួនក្នុងនាមជាប្រធានទីភ្នាក់ងារចារកម្ម និងបានបង្កហានិភ័យក្នុងការបំផ្លាញភស្តុតាង ក្នុងចំណោមបទចោទផ្សេងៗទៀត។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា លោក Cho — ដែលជាអ្នកការទូតអាជីព និងដឹកនាំទីភ្នាក់ងារចារកម្មនៅពេលការប្រកាសច្បាប់អាជ្ញាសឹករបស់លោកអតីតប្រធានាធិបតី Yoon Suk Yeol ក្នុងពីខែធ្នូ ឆ្នាំ២០២៤ — បានបរាជ័យក្នុងការរាយការណ៍អំពីសភាពការណ៍នេះទៅកាន់សភា ទោះបីជាបាន "យល់ច្បាស់ពីភាពខុសច្បាប់នៃរឿងនេះ" ក៏ដោយ។
គួររម្លឹកថា លោកអតីតប្រធានាធិបតី Yoon បានធ្វើឱ្យកូរ៉េខាងត្បូង ធ្លាក់ក្នុងវិបត្តិនយោបាយ ដោយការព្យាយាមប្រកាសច្បាប់អាជ្ញាសឹកក្នុងខែធ្នូ កន្លងទៅ និងបញ្ជូនទាហានប្រដាប់អាវុធទៅកាន់សភា ក្នុងបំណងបញ្ឈប់សមាជិកសភា មិនឱ្យបោះឆ្នោតទម្លាក់សេចក្តីប្រកាសច្បាប់អាជ្ញាសឹករបស់លោក។ ក្រោយមក កិច្ចខិតខំប្រឹងប្រែងនេះបានបរាជ័យ ហើយលោក Yoon ត្រូឃុំខ្លួននៅដើមខែមករា ឆ្នាំ២០២៥ ដោយក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវចាប់ខ្លួន៕

