ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) ថា ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ Gerald Ford បានផ្លាស់ទីទៅកាន់តំបន់អាមេរិកឡាទីនរួចរាល់ហើយ នៅក្នុងការបង្កើនវត្តមានយោធាយ៉ាងខ្លាំងក្លាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡា កាន់តែឡើងកម្ដៅ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យដាក់ពង្រាយនាវាផ្ទុកយន្តហោះ Ford នេះកាលពីខែមុន ដោយបន្ថែមពីលើវត្តមានរបស់នាវាចម្បាំងចំនួន ៨គ្រឿង នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះ F-35 ដែលមានស្រាប់ទៅហើយ នៅក្នុងសមុទ្រការ៉ាអ៊ីព។

នាវាផ្ទុកយន្តហោះ Ford ដែលត្រូវដាក់ដំណើរការក្នុងឆ្នាំ២០១៧ គឺជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់សហរដ្ឋអាមេរិក និងធំជាងគេលើពិភពលោក ជាមួយនឹងបុគ្គលិកជាង ៥.០០០នាក់ នៅលើនោះ។ នាវា Ford ដែលរួមបញ្ចូលទាំងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ អាចផ្ទុកយន្តហោះយោធាបានច្រើនជាង ៧៥គ្រឿង ហើយក៏មានរ៉ាដាទំនើបៗ ដែលអាចជួយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងផ្លូវសមុទ្រផងដែរ។

មន្ទីរបញ្ចកោណបានបញ្ជាក់ពីការមកដល់របស់នាវានេះ ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា Ford នឹងជួយ "បង្អាក់ការជួញដូរគ្រឿងញៀន និងបន្សាបឥទ្ធិពល និងរុះរើអង្គការឧក្រិដ្ឋកម្មឆ្លងដែន"។ រហូតមកដល់ពេលនេះ យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន ១៩លើក ប្រឆាំងនឹងនាវាដែលសង្ស័យថាដឹកជញ្ជូនគ្រឿងញៀន នៅក្នុងតំបន់ការ៉ាអ៊ីព និងនៅក្រៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃអាមេរិកឡាទីន ដោយបានសម្លាប់មនុស្សជិត ៨០នាក់៕