រដ្ឋមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប ត្រៀមធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន នៅខែក្រោយនេះ ដើម្បីបង្ហាញការគាំទ្រលើសំណើចូលរួមជាមួយសហភាពអឺរ៉ុប ខណៈសម្ព័ន្ធមិត្តទីក្រុងគីវ កំពុងប្រឹងប្រែងត្រួសត្រាយផ្លូវ ក្រោយមានការពន្យារពេលសមាជិកភាពដោយសារតែការប្រឆាំងរបស់ហុងគ្រី។

កិច្ចប្រជុំកំពូលក្រៅផ្លូវការមួយនៃបណ្ដារដ្ឋមន្ត្រីកិច្ចការអឺរ៉ុប នឹងប្រព្រឹត្តទៅនៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន នៅថ្ងៃទី១០ និងទី១១ ខែធ្នូ នេះបើយោងតាមលិខិតអញ្ជើញដែលផ្ញើទៅកាន់រដ្ឋធានីនានា កាលពីថ្ងៃចន្ទ (១០ វិច្ឆិកា)។

លិខិតនេះសរសេរថា៖ "ការផ្តោតសំខាន់នៃកិច្ចពិភាក្សា នឹងក្លាយជាវឌ្ឍនភាពរបស់អ៊ុយក្រែន លើផ្លូវចូលជាសមាជិកសហភាពអឺរ៉ុប។ កិច្ចប្រជុំនេះនឹងផ្តល់ឱកាសមួយដើម្បីចាប់យកលទ្ធផលដែលសម្រេចបាន ចែករំលែកការឆ្លុះបញ្ចាំងអំពីជំហានបន្ទាប់ និងដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រផ្នែកនយោបាយ សម្រាប់កិច្ចប្រឹងប្រែងកំណែទម្រង់ និងសមាហរណកម្មរបស់អ៊ុយក្រែន"។
ទីក្រុងគីវ ទទួលបានឋានៈជាបេក្ខភាពសមាជិកនាពេលអនាគតនៃប្លុកនេះ កាលឆ្នាំ២០២២ ហើយតាំងពីពេលនោះមក អ៊ុយក្រែនបានអនុវត្តកំណែទម្រង់សេដ្ឋកិច្ច តុលាការ និងប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយ បើទោះបីជាសង្រ្គាមរុស្ស៊ី កំពុងឆាបឆេះទូទាំងប្រទេសក៏ដោយ។ យ៉ាងណាមិញ ហុងគ្រីបានប្តេជ្ញាជំទាស់ការចូលជាសមាជិករបស់អ៊ុយក្រែន ហើយកំពុងរារាំងកិច្ចចរចាជាផ្លូវការលើរឿងនេះ។ គួរឱ្យដឹងថា សមាជិកភាពបែបនេះតម្រូវឱ្យមានការគាំទ្រជាឯកច្ឆ័ន្ទពីបណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់៕