ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន ទំនងជាបានអះអាងដោយប្រយោលថា ពួកគេបានបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែលនិងការដឹកជញ្ជូនតាមនាវានៅលើសមុទ្រក្រហម ខណៈបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្កាហ្សា នៅតែបន្តមាន។

ក្រុមហ៊ូទី បានធ្វើយុទ្ធនាការយោធាវាយប្រហារលើនាវាតាមច្រករបៀងសមុទ្រក្រហម ជាអ្វីដែលក្រុមនេះពណ៌នាថាជាសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងពេលមានសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ក្រុមនេះ បានបើកការវាយប្រហារជាច្រើនលើកលើនាវានៅលើសមុទ្រក្រហមចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយកំណត់គោលដៅលើនាវាដែលពួកគេចាត់ទុកថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬជាអ្នកគាំទ្រអ៊ីស្រាអែល។

ទោះជាយ៉ាងណា នៅក្នុងលិខិតដែលមិនបានចុះកាលបរិច្ឆេទទៅកាន់អង្គភាព Qassam របស់ក្រុមហាម៉ាស ដែលបានចេញផ្សាយតាមប្រព័ន្ធអ៊ីនធឺណែតកាលពីពេលថ្មីៗនេះ ក្រុមហ៊ូទីបានបង្ហាញថា ពួកគេបានបញ្ឈប់ការវាយប្រហាររបស់ខ្លួនហើយ។ ក្រុមនេះពុំបានប្រកាសជាផ្លូវការថាខ្លួនបញ្ឈប់ការវាយប្រហារលើនាវាក្នុងតំបន់នោះទេ ដោយក្រុមនេះបាននិយាយថា យើងកំពុងតាមដានការវិវត្តន៍យ៉ាងដិតដល់ ហើយប្រកាសថា ប្រសិនបើសត្រូវបន្តការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សា យើងនឹងត្រឡប់ទៅរកប្រតិបត្តិការយោធាវិញ ហើយយើងនឹងចាប់ផ្តើមឡើងវិញនូវបម្រាមលើការធ្វើនាវាចរណ៍របស់អ៊ីស្រាអែលនៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់។