រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានស្វាគមន៍ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ (G7) ទៅកាន់តំបន់ Niagara-on-the-Lake កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ជាកន្លែងដែលក្រុមរដ្ឋមន្ត្រីបានថតរូបជាលក្ខណៈគ្រួសារ មុនពេលកិច្ចពិភាក្សាចាប់ផ្តើម។ រដ្ឋមន្ត្រីមកពីប្រទេសអ៊ុយក្រែន ប្រេស៊ីល ឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត អាហ្រ្វិកខាងត្បូង និងប្រទេសផ្សេងទៀតក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះផងដែរ។

កិច្ចប្រជុំ G7 ត្រូវបានគេរំពឹងថានឹងដាក់ប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា លើចំណុចកំពូលនៃរបៀបវារៈ ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រឈមនឹងបញ្ហានៅខាងមុខជាច្រើន។ មុនពេលកិច្ចពិភាក្សា លោកស្រី Anand បាននិយាយថា លោកស្រី រំពឹងថាកិច្ចសន្ទនាដែលផ្តោតសំខាន់ជាមួយដៃគូអំពី «ផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅមុខ» ឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់ទាំងពីរនេះ។

ការជួបប្រជុំគ្នា បានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តកាលពីខែមុនក្នុងការរៀបចំជំនួបកំពូលតាមផែនការរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Trump ត្រូវបានផ្អាក បន្ទាប់ពីទីក្រុងមូស្គូបានច្រានចោលបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។