ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់យុវវ័យមួយចំនួន កុំឱ្យជួបជុំប្រមូលផ្ដុំគ្នាក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ព្រោះអាចបង្កឱ្យមាន ការឆ្លងជំងឺកូវីដ១៩ ពិសេសជំងឺអូមីក្រុង ដែលកំពុងធ្វើចរាចរណ៍យ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។
តាមរយៈសារសំឡេង កាលពីម្សិលមិញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ទោះថ្ងៃនៃក្តីស្រលាញ់ ពុំមែនជាប្រពៃណីទំនៀបទម្លាប់ខ្មែរក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ខ្មែរមួយចំនួន បានប្រើប្រាស់ថ្ងៃនេះ ជាថ្ងៃជួបជុំគ្នា ពិសាអាហារជាមួយគ្នា ដើម្បីបង្ហាញនូវក្តីស្រលាញ់ របស់ខ្លួនទៅកាន់បុគ្គលណាម្នាក់ ឬច្រើននាក់ ដែលខ្លួនស្រលាញ់។
លោកជំទាវ បានបញ្ជាក់ថា នៅក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុងនេះ ពលរដ្ឋ និងយុវ័យ កុំភ្លេចខ្លួនឱ្យសោះ ព្រោះថា អូមីក្រុង កំពុងតែចរាចរណ៍យ៉ាងសកម្មនៅក្នុងសហគមន៍ ហើយដូច្នេះត្រូវរួមគ្នាទប់ស្កាត់ការចម្លងបន្ថែមទៀត ដោយអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ហើយគួរ នាំមនុស្សជាទីស្រលាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បី ផ្តល់នូវក្តីស្រលាញ់ពិតៗជូនដល់ពួកគេនាពេលនេះវិញទើបជាការចាំបាច់។
លោកជំទាវ បានបញ្ជាក់ទៀតថា ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ នៅតែជា កង្វល់ របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។
ជាក់ស្ដែង គិតត្រឹម ថ្ងៃទី១៣ ខែកុម្ភៈនេះ មានមនុស្សជិត៤០០លាននាក់ហើយ ដែលបានឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូរវីដ-១៩ ហើយកម្ពុជា ក៏មានអ្នកឆ្លងសរុបជាង១២ ម៉ឺន ៣ពាន់នាក់ និងស្លាប់ចំនួនជាងបីពាន់នាក់ដែរ។ ហើយចុងក្រោយនេះ ទោះបីជាកម្ពុជា ពុំមានអ្នកស្លាប់ ប៉ុន្តែបានរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់៕
