ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បាននិយាយនៅថ្ងៃពុធ (១២ វិច្ឆិកា) នេះថា ការលក់ជាសកលនៃរថយន្តអគ្គិសនីទាំងស្រុង និងសាំងលាយអគ្គិសនី ហាយប្រ៊ីដ បានកើនឡើងក្នុងអត្រា ២៣% នៅក្នុងខែតុលា ដល់តួលេខ ១,៩លានគ្រឿង ដែលជំរុញដោយតម្រូវការខ្លាំងនៅទូទាំងទីផ្សារសំខាន់ៗរបស់ពិភពលោក។

អឺរ៉ុបបាននាំមុខគេលើកំណើនរថយន្តអគ្គិសនីក្នុងតំបន់ ជាមួយនឹងតម្រូវការខ្លាំងក្នុងអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ខណៈការលក់ទាំងមូលបានធ្លាក់បន្តិច ហើយសហភាពអឺរ៉ុប ក៏បានអនុម័តគម្រោងថ្មអគ្គិសនីបន្ថែមទៀត។ ចិនគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្ត EV សកល ដែលនៅក្នុងទិន្នន័យរបស់ Rho Motion រួមមានរថយន្តថាមពលថ្មទាំងស្រុង និងរថយន្តហាយប្រ៊ីដ។
តួលេខពីស្ថាប័ន Rho Motion បង្ហាញថា ការលក់រថយន្តរបស់ចិន កើនឡើងដល់ប្រហែល ១,៣លានគ្រឿងនៃតួលេខសរុប។ ការលក់នៅអឺរ៉ុប បានកើនឡើង ៣៦% ដល់ ៣៧២.៧៨៩គ្រឿង ខណៈការលក់នៅអាមេរិកខាងជើង បានធ្លាក់ចុះ ៤១% មកនៅត្រឹម ១០០.៣៧០គ្រឿង ហើយការលក់នៅផ្នែកផ្សេងទៀតទូទាំងពិភពលោក បានកើនឡើង ៣៧% ដល់ ១៤១.៣៦៨គ្រឿង។
រថយន្តអគ្គិសនីទាំងស្រុង នៅតែមានតម្លៃថ្លៃជាងម៉ូដែលចំហេះខាងក្នុងដែលអាចប្រៀបធៀបគ្នាបាន នៅទីផ្សារសហរដ្ឋអាមេរិក ដែលរួមចំណែកដល់ការធ្លាក់ចុះនៃការលក់ខែតុលា នៅទូទាំងក្រុមហ៊ុនផលិតរថយន្តធំៗទាំងអស់៕


