សៀមរាប៖ ឯកឧត្តម សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការ ងារចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ៍ បានចុះជួបសំណេះសំណាល និងចែករង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងទៀត ។
ក្នុងពិធីនេះសំណេះសំណាលជាមួយសិស្ស ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីម្សិលមិញ ឯកឧត្តម សឹង សំណាង បានអបអរសាទរសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ។
ឯកឧត្តម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនសិស្ស ដែលនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុ សិស្ស បានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
ឯកឧត្តម បានអំពាវនាវដល់យុវជនឱ្យចូលរួមធ្វើជាយុវជនបន្តវេន សិស្សល្អ កូនល្អ មិនប្រព្រឹត្តអំពើអបាយមុខ និងចូលរួមជួយការងារសង្គមក្នុងសហគមន៍ ឲ្យបានសកម្ម ដើម្បីកែប្រែមុខមាត់សហគមន៍។
ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ឯកឧត្ដម បានអំពាវនាវដល់ពលរដ្ឋឱ្យពលរដ្ឋ ចូលប្រយុទ្ធប្រឆាំងឱ្យបានខ្លាំងក្លា ខណៈអូមីក្រុង កំពុងមានសកម្មភាពចម្លងក្នុងសហគមន៍ហើយនោះ ដោយអនុវត្តវិធានការ សុខាភិបាលនានា និងវិធានការ ៣ការពារ ៣កុំ ។
លោក គឿន ឈឹង សមាជិកក្រុមប្រឹក្សាឃុំខ្នារពោធិ៍ បានឲ្យដឹងថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ក្នុងឃុំនេះ មានសិស្សប្រឡងជាប់សរុប ៥២នាក់ និងសិស្សទទួលបាននិទ្ទេស A ម្នាក់។
ជាការលើកទឹកចិត្ត ឯកឧត្តម សឹង សំណាង បានផ្តល់ជាថវិកាដល់សិស្សទាំងអស់ លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាភូមិឃុំ និងក្រុមប្រជាការពារ។ ឯកឧត្តម បានប្រគល់ជូនបេក្ខនារី ដែល បានប្រឡងជាប់និទ្ទេស A នូវកុំព្យូទ័រយួរ១គ្រឿង ដែលជាការឧបត្ថម្ភតាមរយៈលោក គុជ ស៊ីនិត អនុប្រធានក្រុមការងារចុះជូយមូលដ្ឋានស្រុកសូទ្រនិគម និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូល ដ្ឋានឃុំខ្នារពោធិ៍៕ អត្ថបទ៖ សៅ ភិរុណ