កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយនៅថ្ងៃពុធ (១២ វិច្ឆិកា) នេះថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថាន កំពុងជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង ខណៈក្រុមគ្រួសារចំនួន ៩ ក្នុងចំណោម ១០ ត្រូវបង្ខំចិត្តស្រេកឃ្លាន លក់របស់ទ្រព្យ ឬជំពាក់បំណុលគេ ដើម្បីអាចបន្តរស់រានបាន។ លើសពីនេះ UNDP ព្រមានថា ការវិលត្រឡប់មកវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជិតខាង កំពុងធ្វើឱ្យវិបត្តិដ៏អាក្រក់បំផុតរួចទៅហើយរបស់ប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត ចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាចមក។

របាយការណ៍ UNDP និយាយថា ជនអាហ្វហ្គានីស្ថាន “ក្បែរម្នាក់ក្នុងចំណោម ១០នាក់” ដែលរស់នៅក្រៅប្រទេស ត្រូវបង្ខំឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ដោយមានជាង ៤,៥លាននាក់ បានទៅដល់អាហ្វហ្គានីស្ថានរួចហើយ តាំងពីឆ្នាំ២០២៣មក ភាគច្រើនមកពីអ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលធ្វើឱ្យចំនួនប្រជាជនសរុប ហក់ឡើង ១០% ។ កាន់តែអាក្រក់ជាងនេះទៅទៀត រញ្ជួយដី ទឹកជំនន់ និងគ្រោះរាំងស្ងួតបានបំផ្លាញផ្ទះសម្បែង ៨ពាន់ខ្នង និងធ្វើឱ្យសេវាសាធារណៈ "ហួសពីដែនកំណត់ប្រតិបត្តិការ"។
ការស្ទង់មតិលើអ្នកស្រុកជាង ៤៨.០០០គ្រួសារ បានរកឃើញថា ជាងពាក់កណ្តាលនៃអ្នកត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ បានរំលងការថែទាំសុខភាពដើម្បីយកប្រាក់ទិញស្បៀងអាហារ ហើយអត្រា ៤៥% ត្រូវពឹងផ្អែកលើប្រភពទឹកសាធារណៈ ឬអណ្តូង ដែលមិនស្អាត។
UNDP និយាយថា ចំនួនជិត ៩០% នៃគ្រួសារអាហ្វហ្គានីស្ថានដែលវិលត្រលប់ទៅប្រទេសវិញ គឺជំពាក់បំណុលពី ៣៧៣ដុល្លារ ទៅ ៩០០ដុល្លារ -- ជាកំណើនដល់ទៅ ៥ដងនៃប្រាក់ចំណូលប្រចាំខែជាមធ្យម ដែលមានចំនួនតែ ១០០ដុល្លារប៉ុណ្ណោះ ហើយជាអត្រាជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់មនុស្សម្នាក់ៗប្រចាំឆ្នាំ៕

