មន្រ្តីរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានចេញមកនិយាយការពារប្រព័ន្ធផ្សព្វផ្សាយជាតិ BBC កាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) បន្ទាប់ពីមានការចោទប្រកាន់ពីអ្នករិះគន់ អំពីភាពលម្អៀងរបស់បណ្ដាញមួយនេះ និងការគំរាមប្តឹងផ្ដល់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ជុំវិញកំហុសកែសម្រួលវីដេអូសុន្ទរកថាឆ្នាំ២០២១ ដែលលោកបានធ្វើបន្ទាប់ពីចាញ់ឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

គួរឱ្យដឹងថា វីដេអូឯកសារដែលចាក់ផ្សាយលើកម្មវិធីព័ត៌មាន Panorama ដ៏ល្បីរបស់ BBC បានកាត់ផ្ដាច់ និងដកស្រង់ឃ្លីបចំនួន៣ ចេញពីសុន្ទរកថារបស់លោក Trump មកដាក់បញ្ជូលគ្នា ដោយស្ដាប់ទៅហាក់ដូចជាលោកកំពុងញុះញង់ឱ្យមានកុបកម្មថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ មេធាវីលោក Trump ទាមទារឱ្យ BBC ដកឃ្លីបឯកសារនេះ ការសូមអភ័យទោស និងសំណង ជុំវិញការចោទប្រកាន់បង្ខូចកេរ្តិ៍ឈ្មោះ បើពុំនោះសោត នឹងប្រឈមការប្តឹងផ្តល់ "មិនតិចជាង" ១ពាន់លានដុល្លារនោះទេ។

រដ្ឋមន្រ្តីវប្បធម៌អង់គ្លេស លោកស្រី Lisa Nandy បាននិយាយថា ទូរទស្សន៍ជាតិរបស់អង់គ្លេសមួយនេះ បានជួបបញ្ហាប្រឈម "ដែលមួយចំនួនត្រូវធ្វើឡើងដោយខ្លួនឯង" ប៉ុន្តែ "មកដល់ពេលនេះ BBC ជាប្រភពព័ត៌មានដែលគេប្រើយ៉ាងទូលំទូលាយ និងគួរឱ្យទុកចិត្តបំផុតនៅចក្រភពអង់គ្លេស"។

ដោយឡែក អ្នកនាំពាក្យមួយរូបរបស់បក្សប្រឆាំងនៅអង់គ្លេស បាននិយាយថា BBC គួរតែផ្តល់ការសូមអភ័យទោសយ៉ាងពេញលេញដល់លោកប្រធានាធិបតីអាមេរិក ដើម្បីចៀសវាងចំណាត់ការផ្លូវច្បាប់។ យ៉ាងណាមិញ អ្នកជំនាញផ្នែកច្បាប់និយាយថា លោក Trump ទំនងជាយឺតពេលហើយក្នុងការប្តឹង BBC នៅចក្រភពអង់គ្លេស ពីព្រោះពេលវេលាកំណត់ ១ឆ្នាំក្នុងការដាក់បណ្ដឹងបង្ខូចកេរ្តិ៍ឈ្មោះ បានផុតកំណត់ទៅហើយ៕