ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) ថា ចក្រភពអង់គ្លេស បានផ្អាកការចែករំលែកព័ត៌មានសម្ងាត់មួយចំនួនជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន ជុំវិញការវាយប្រហារដ៏បង្ហូរឈាមរបស់យោធាវ៉ាស៊ីនតោន ប្រឆាំងនឹងទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅតំបន់សមុទ្រការ៉ាអ៊ីប ដោយសារទីក្រុងឡុងដ្រ៍គិតថា ការវាយប្រហារនេះគឺខុសច្បាប់ និងមិនចង់មានការពាក់ព័ន្ធ។

ការសម្រេចចិត្តផ្អាកការចែករំលែកចារកម្មសម្ងាត់ ដែលកើតឡើងនៅដើមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥នេះ បានបង្ហាញពីចិត្តសង្ស័យរបស់អង់គ្លេស ទាក់ទងនឹងយុត្តិកម្មផ្លូវច្បាប់របស់រដ្ឋបាលលោកប្រធានាធីបតី Donald Trump សម្រាប់ការវាយប្រហារលើនាវាសង្ស័យទាំងនោះ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជិត ៨០នាក់ ទៅហើយ។
សហរដ្ឋអាមេរិក តែងប្រមូលព័ត៌មានសម្ងាត់ពីប្រភពជាច្រើន រួមទាំងចក្រភពអង់គ្លេសផងដែរ ដែលគ្រប់គ្រងទឹកដីមួយចំនួននៅការ៉ាអ៊ីប និងផ្តល់ដំណឹង ដែលអាចជួយអាមេរិក ក្នុងការកំណត់អត្តសញ្ញាណលើទូកណាដែលសង្ស័យថារត់ពន្ធគ្រឿងញៀននៅក្នុងតំបន់។
អ្នកនាំពាក្យរដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មាន The Hill ថា អង់គ្លេសមាន "គោលនយោបាយដ៏យូរអង្វែងរបស់ខ្លួន ក្នុងការមិនធ្វើអត្ថាធិប្បាយលើបញ្ហាចារកម្មសម្ងាត់នោះទេ"៕

