លោក Mazloum Abdi មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់លោកប្តេជ្ញាចិត្តក្នុងការ «ជំរុញដំណើរការធ្វើសមាហរណកម្ម» ចូលទៅក្នុងរដ្ឋស៊ីរី បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់រវាងមន្ត្រីស៊ីរី និងសហរដ្ឋអាមេរិក នៅទីក្រុងវ៉ា ស៊ីនតោន។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Abdi បាននិយាយថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី និងលោក Tom Barrack បេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរី ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំថ្មីៗ រវាងមេដឹកនាំបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅសេតវិមាន។
លោកបានបន្ថែមថា៖«យើងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយដៃគូរបស់យើង ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញវឌ្ឍនភាពឆ្ពោះទៅរកអនាគតដ៏រុងរឿង និងមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនរបស់យើង នៅក្នុងប្រទេសស៊ីរីដែលមានការរួបរួមគ្នា»។

ការអត្ថាធិប្បាយនេះ គឺជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតមួយរបស់លោក Abdi ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស៊ីរី ក្នុងការបង្រួបបង្រួមកងកម្លាំងជាតិ ក្រោមរចនាសម្ព័ន្ធបញ្ជាការបង្រួបបង្រួម បន្ទាប់ពីភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ និងអាជ្ញាធរកណ្តាលនៅទីក្រុងដាម៉ាស។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគ្រប់គ្រងភាគច្រើននៃភាគឦសាននៃប្រទេសស៊ីរី គឺជាសម្ព័ន្ធមិត្តក្នុងស្រុកដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសស៊ីរី ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរី៕