សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអង់គ្លេស កំពុងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ចំពោះការខាកខានរបស់ខ្លួន ក្នុងការជួយជម្លៀសពលរដ្ឋ ដែលបានជាប់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាបានសន្យាកាលពីប៉ុន្មានខែមុន ដើម្បីធ្វើដូច្នេះក៏ដោយ។

ឪពុកពីរនាក់នៅចក្រភពអង់គ្លេស បានស្នើសុំឲ្យក្រុមហ៊ុនច្បាប់ Leigh Day ធ្វើសកម្មភាពជំនួសពួកគេ ដោយអះអាងថា ភាពអសកម្មរបស់រដ្ឋាភិបាល គឺខុសច្បាប់ និងរំលោភលើសិទ្ធិមនុស្សរបស់គ្រួសារពួកគេ។
ឪពុកម្នាក់នៅចក្រភពអង់គ្លេស ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖«ខ្ញុំសង្ឃឹមថា ខ្ញុំមិនចាំបាច់ធ្វើបែបនេះទេ វាមិនចាំបាច់ឈានដល់កម្រិតដែលខ្ញុំត្រូវពាក់ព័ន្ធនឹងតុលាការនោះទេ»។ «ខ្ញុំសង្ឃឹមថា នឹងមានអ្នកជួយអន្តរាគមន៍ ហើយយកកូនៗរបស់ខ្ញុំចេញពីកន្លែង ដែលពួកគេកំពុងរស់នៅនោះ»។

បុរសរូបនេះ ដែលត្រូវបានផ្តល់ការការពារមនុស្សធម៌នៅចក្រភពអង់គ្លេស មុនពេលសង្គ្រាមផ្ទុះឡើង នៅឆ្នាំ ២០២៣ បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយការិយាល័យការបរទេស សហព័ន្ធ និងអភិវឌ្ឍន៍អង់គ្លេស កាលពីខែសីហាថា ខ្លួននឹងជួបជុំគ្រួសារនាពេលឆាប់ៗនេះ បន្ទាប់ពីពួកគេ បានទទួលការសម្រេចចិត្តជួបជុំគ្រួសារជាវិជ្ជមាន កាលពីខែមុន៕