គេហទំព័រព័ត៌មាន Shomrim បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មាន អ៊ីស្រាអែលថា សហរដ្ឋអាមេរិក មានបំណងសាងសង់មូលដ្ឋានយោធាតម្លៃ ៥០០ លានដុល្លារ នៅតំបន់ព្រំដែនអ៊ីស្រាអែលមួយក្បែរតំបន់ហ្កាហ្សា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ មូលដ្ឋាននេះ នឹងត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ដោយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលនឹងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សា ដោយរក្សាបទឈប់បាញ់។ គេហទំព័រព័ត៌មាននេះ បានកត់សម្គាល់ថា មូលដ្ឋាននេះ នឹងអាចផ្ទុកបានកងទ័ពរាប់ពាន់នាក់។
ដោយមានការសម្របសម្រួលពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និងទួរគី នៅថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែល និងចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានយល់ព្រមអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាព ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump)។ កិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា បានចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា៕
