ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) បានព្រមានថា ផែនការណាមួយរបស់អ៊ីស្រាអែល ក្នុងការបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវតំបន់ West Bank នឹងក្លាយជា «បន្ទាត់ក្រហម» ហើយនឹងធ្វើឲ្យមានប្រតិកម្មពីអឺរ៉ុប។
លោក Macron បាននិយាយនៅពេលដែលមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីស ពោលគឺរយៈពេលមួយខែបន្ទាប់ពីមាននូវបទឈប់បាញ់ដ៏ផុយស្រួយ រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ក្រោយផ្ទុះសង្រ្គាម ២ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក Abbas វ័យ ៨៩ឆ្នាំ គឺជាប្រមុខអាជ្ញាធរប៉ាឡេស្ទីនយូរមកហើយ ដែលអនុវត្តការគ្រប់គ្រងមានកម្រិតលើផ្នែកខ្លះនៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយកំពុងត្រូវបានចាត់ទុកថា អាចនឹងដំណើរការអភិបាលកិច្ច នៅតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងនេះ។

លោក Macron ដែលប្រទេសរបស់លោក កាលពីខែកញ្ញា បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងផែនការរបស់អ៊ីស្រាអែល ក្នុងការបញ្ចូលតំបន់ West Bank ជាដែនដីឧបសម្ព័ន្ធ បន្ទាប់ពីមានការកើនឡើងនូវអំពើហិង្សាក្នុងដែនដីប៉ាឡេស្ទីននេះ។
នៅឯសន្និសីទសារព័ត៌មានរួមជាមួយលោក Abbas លោក Macron បាននិយាយថា៖ «ផែនការ ដាក់បញ្ចូលជាដែនដីឧបសម្ព័ន្ធ ដោយផ្នែក ឬទាំងស្រុង មិនថា ជាផ្លូវច្បាប់ ឬជាក់ស្ដែង បង្កើតបានជាបន្ទាត់ក្រហមដែលយើងនឹងឆ្លើយតបយ៉ាងខ្លាំងជាមួយដៃគូអឺរ៉ុបរបស់យើង»។
លោកប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា៖ «អំពើហិង្សារបស់អ្នកតាំងទីលំនៅ និងការពន្លឿនគម្រោងការតាំងទីលំនៅ កំពុងឈានដល់កម្រិតខ្ពស់ថ្មី ដែលគំរាមកំហែងដល់ស្ថិរភាពរបស់តំបន់ West Bank និងជាការរំលោភលើច្បាប់អន្តរជាតិ»៕
