អគ្គលេខាធិការរបស់ក្រុមហេសបូឡា លោក Sheikh Naim Qassem ថ្លែងសុន្ទរកថា កាលពីថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) ក្រោមពាក្យស្លោក «When We Are Martyred, We Triumph» (នៅពេលយើងធ្វើពលីកម្ម យើងនឹងទទួលបានជ័យជម្នះ) ដោយលើកតម្កើងលោក Sayyed Hassan Nasrallah ជានិមិត្តរូបនៃការតស៊ូដ៏យូរអង្វែង និងបញ្ជាក់ជាថ្មីនូវការតស៊ូដែលកំពុងបន្តមានរបស់ចលនានេះ ប្រឆាំងនឹងការកាន់កាប់។
ការជួបជុំជាសាធារណៈត្រូវបានធ្វើឡើងនៅទូទាំងទីតាំង ១១កន្លែង ក្នុងប្រទេសលីបង់ ដោយប្រារព្ធទិវាគោរពដល់វិញ្ញាណខន្ធអ្នកពលីជីវិត ដែលលាតសន្ធឹងពីទីក្រុង Beirut រហូតដល់ទីក្រុង Nabatieh និង Baalbeck។

អំឡុងពេលថ្លែងទៅកាន់ហ្វូងមនុស្ស លោក Qassem បានសង្កត់ធ្ងន់លើការបន្តនៃកេរ្តិ៍ដំណែលរបស់ក្រុមតស៊ូ និងការប្តេជ្ញាចិត្តរបស់ចលនានេះ ក្នុងការការពារលីបង់ ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល និងការជ្រៀតជ្រែកពីបរទេស។
លោក Qassem បានបើកសុន្ទរកថាដោយរំលឹកពីសេចក្តីថ្លែងការណ៍របស់ លោក Nasrallah ដែលថា «នៅពេលដែលយើងធ្វើពលីកម្ម យើងនឹងទទួលបានជ័យជម្នះ» ដោយពណ៌នាអ្នកលះបង់ជីវិតទាំងនោះថា ជាអ្នកដែលមិនទទួលយកភាពអាម៉ាស់ ហើយជ្រើសរើសយកជីវិតដ៏ថ្លៃថ្នូរ។
ហើយជាមួយគ្នានេះ លោក Qassem អះអាងថា អាវុធរបស់ក្រុមចលនាតស៊ូនេះ នឹងមិនត្រូវបានបោះបង់ចោលឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងរងការវាយប្រហារ ហើយនឹងឆ្លើយតប» ដោយបន្ថែមថា ការខាតបង់ដោយការតស៊ូនៅតែទាបជាងការខាតបង់ដោយការចុះចាញ់៕
