ប្រទេសឥណ្ឌា នាថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះ «ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងគ្មានភស្តុតាង» របស់ប៉ាគីស្ថាន ដែលបានភ្ជាប់ទីក្រុងញូវដេលីទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Randhir Jaiswal ក៏បានចាត់ទុកការចោទប្រកាន់នោះថា ជាការនិទានរឿងមិនពិតដោយប៉ាគីស្ថាន ដើម្បីបង្វែរការយកចិត្តទុកដាក់ពី «ការបំផ្លិចបំផ្លាញ» ដែលបំផុសគំនិតដោយយោធា និងដំណើរការក្តោបក្តាប់អំណាចនៅក្នុងប្រទេស ដោយនេះជាការនិយាយសំដៅទៅលើវិសោធនកម្មលើកទី២៧ ដែលត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តនៅថ្ងៃពុធនេះ។

លោក Jaiswal បាននិយាយថា៖ «ឥណ្ឌាបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងគ្មានភស្តុតាងដែលត្រូវបានធ្វើឡើងដោយមមើមមាយ ពីសំណាក់ថ្នាក់ដឹកនាំប៉ាគីស្ថាន»។ ហើយអ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «សហគមន៍អន្តរជាតិ បានដឹងយ៉ាងច្បាស់ អំពីការពិត ហើយនឹងមិនត្រូវបានបំភ័ន្តដោយផែនការបង្វែរទិសដៅដ៏អស់សង្ឃឹមរបស់ប៉ាគីស្ថាននេះឡើយ»។
គួរបញ្ជាក់ថា នៅទីក្រុងអ៊ីស្លាម៉ាបាដ ការបំផ្ទុះអត្តឃាតមួយ បានកើតឡើងនៅជិតបរិវេណតុលាការតំបន់ កាលពីរសៀលថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ១២នាក់យ៉ាងតិច ហើយយ៉ាងហោចណាស់ ២៧នាក់ផ្សេងទៀតរងរបួស៕

