អ្នកជាប់ឃុំ នៅជំរំឃុំខ្លួនជនអន្តោប្រវេសន៍ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ស៊ូទ្រាំបរិភោគទឹកដែលមានរសជាតិមិនល្អ ទទួលទានអាហារផ្អូម និងប្រឈមជាមួយការថែទាំសុខភាពមិនល្អគ្រប់គ្រាន់។ នេះបើយោងតាមសមាជិកសភាអាមេរិកមួយរូបដែលបានហៅជំរំតង់នៅទីក្រុង El Paso ក្នុងរដ្ឋ Texas ថា ជាកន្លែង «អមនុស្សធម៌»។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោកស្រី Veronica Escobar ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យរដ្ឋ Texas បានធ្វើការចោទប្រកាន់នេះនៅក្នុងលិខិតមួយកាលពីសប្តាហ៍មុន ដែលផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem ដោយផ្អែកលើពាក្យបណ្តឹងពីជនអន្តោប្រវេសន៍ នៅឯកន្លែងថ្មីតម្លៃ ១,២ពាន់លានដុល្លារ ដែលត្រូវបានឲ្យឈ្មោះថា Camp East Montana។

លោកស្រី Escobar បានសរសេររៀបរាប់ថា៖ «លក្ខខណ្ឌនៅ Camp East Montana គឺមានគ្រោះថ្នាក់ និងអមនុស្សធម៌។ វាកាន់តែមានភាពច្បាស់លាស់ខ្លាំងឡើងៗ ដែលថា ទីនោះមិនមែនជាកន្លែងសុវត្ថិភាព ឬកន្លែងគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈនោះឡើយ»។
ដោយត្រូវបានសុំឲ្យអត្ថាធិប្បាយ ពាក់ព័ន្ធនឹងលិខិតនោះ ក្រសួងសន្តិសុខមាតុភូមិ (DHS) បានផ្តល់សេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីខែកញ្ញា ដែលបដិសេធថា មជ្ឈមណ្ឌលនេះ មិនបានរំលោភលើស្តង់ដារសហព័ន្ធ សម្រាប់ការឃុំឃាំងជនអន្តោប្រវេសន៍ ដូចជាការរឹតបន្តឹងសិទ្ធិទទួលបានតំណាងស្របច្បាប់ ឬមានភាពអមនុស្សធម៌ឡើយ។
DHS បានបញ្ជាក់ថា៖ «អ្នកជាប់ឃុំទាំងអស់ត្រូវបានផ្តល់អាហារយ៉ាងត្រឹមត្រូវ ការព្យាបាលវេជ្ជសាស្រ្ត និងមានឱកាសទំនាក់ទំនងជាមួយមេធាវី និងសមាជិកគ្រួសាររបស់ពួកគេ»៕
