អង្គការយូនីសេហ្វ (UNICEF) កាលពីថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) បានឲ្យដឹងថា របស់របរសំខាន់ៗ ដែលរួមមានទាំងស៊ីរាំង (ម្ចុលចាក់ថ្នាំ) សម្រាប់ការចាក់វ៉ាក់សាំងកុមារ និងដបទឹកដោះគោទារក កំពុងត្រូវបានអ៊ីស្រាអែលឃាត់មិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា ដោយរារាំងភ្នាក់ងារជំនួយមិនឲ្យទៅដល់អ្នកមានតម្រូវការ នៅក្នុងដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ។
នៅពេលដែលអង្គការយូនីសេហ្វ អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកុមារដ៏ធំមួយ ដោយសារកំពុងមានបទឈប់បាញ់ដ៏ផុយស្រួយនោះ ស្ថាប័ននេះបានបញ្ជាក់ថា ខ្លួនជួបប្រទះនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ ក្នុងការនាំចូលស៊ីរាំងចំនួន ១,៦លានដើម និងទូរទឹកកកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីរក្សាទុកវ៉ាក់សាំង ទៅក្នុងតំបន់ហ្កាហ្សា។ អង្គការយូនីសេហ្វ បានឲ្យដឹងថា ស៊ីរាំងបានរង់ចាំការអនុញ្ញាតពីផ្នែកគយ ចាប់តាំងពីខែសីហាមកម៉្លេះ។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក Ricardo Pires បាននិយាយថា៖ «ទាំងស៊ីរាំង និងទូរទឹកកកត្រូវបានចាត់ទុកអ៊ីស្រាអែលថា ជាការប្រើប្រាស់បានទាំងស៊ីវិល និងយោធា ដែលយើងពិបាកនឹងធ្វើឲ្យរបស់របរទាំងទទួលបានការអនុញ្ញាត ទោះបីជាវាស្ថិតក្នុងដំណាក់កាលបន្ទាន់ក៏ដោយ»។
យ៉ាងណាក្ដី Cogat ដែលជាអង្គភាពរបស់យោធាអ៊ីស្រាអែលគ្រប់គ្រងលំហូរជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា អ៊ីស្រាអែលមិនបានរារាំងមិនឲ្យស៊ីរាំង ឬឧបករណ៍ដែលទាក់ទងនឹងទូរទឹកកកចូលទៅដែនដីនេះនោះទេ៕

