អង្គភាព COGAT ដែលជាអង្គភាពយោធាអ៊ីស្រាអែល ដែលត្រួតពិនិត្យលំហូរជំនួយ បាននិយាយថា អ៊ីស្រាអែល បានបើកច្រកឆ្លងកាត់ Zikim នៅភាគខាងជើងហ្កាហ្សាឡើងវិញ ដើម្បីអនុញ្ញាតឲ្យ រថយន្តដឹកជំនួយមនុស្សធម៌ចូលទៅ ក្នុងតំបន់នោះ នៅថ្ងៃពុធនេះ។
ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបើកច្រកឆ្លងកាត់នេះឡើងវិញ ដើម្បីឲ្យ មានជំនួយបន្ថែមទៀតហូរចូលទៅក្នុងតំបន់ភាគខាងជើង ដែលត្រូវបានបំផ្លិចបំផ្លាញ ជាពិសេសបន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន។

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ច្រកឆ្លងកាត់នេះ ត្រូវបានបិទ កាលពីថ្ងៃទី ១២ ខែកញ្ញា ហើយពុំមានក្រុមជំនួយណាមួយ អាចនាំចូលសម្ភារៈផ្គត់ផ្គង់បានទេ ចាប់តាំងពីពេលនោះមក។ យោធាអ៊ីស្រាអែល មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើមូលហេតុនៃការបិទនោះទេ។
ក្រុមឃ្លាំមើលភាពអត់ឃ្លានសកល បាននិយាយកាលពីខែមុនថា ជំនួយមនុស្សធម៌មួយចំនួន ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង តាមរយៈភាគខាងត្បូង ប៉ុន្តែត្រូវការជំនួយបន្ថែមទៀត ខណៈដែលទីក្រុងហ្កាហ្សាភាគខាងជើង និងតំបន់ជុំវិញ កំពុងរងទុក្ខវេទនា ដោយសារទុរ្ភិក្ស។
សេចក្តីថ្លែងការណ៍របស់ COGAT បានបញ្ជាក់ថា ច្រកឆ្លងកាត់នេះ បានបើក «ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំនយោបាយ»៕
