ក្រុមអាជ្ញាធរ និយាយថា ខ្សែរថភ្លើង Sarmiento បានរត់ធ្លាក់ផ្លូវនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៩នាក់ រងរបួស និងបង្អាក់ដល់សេវាកម្មធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ។

យោងតាមការអះអាងរបស់សេវាកម្មសង្រ្គោះបន្ទាន់ បានឲ្យដឹងថា ក្រោយរថភ្លើងធ្លាក់ផ្លូវ អ្នកដំណើរត្រូវបានជម្លៀសចេញពីរថភ្លើង ហើយមនុស្សរងរបួស ៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្រុង Buenos Aires បានបញ្ជូនអង្គភាពរបស់ខ្លួនចំនួន ២ គឺអង្គភាពជួយសង្រ្គោះពិសេស និងអង្គភាពសុខាភិបាល ទៅកាន់កន្លែងកើតហេតុ ជាការប្រការទុកជាមុន ។
សេវាកម្មលើខ្សែរថភ្លើងដឹកអ្នកដំណើរនេះ ត្រូវបានផ្អាករយៈពេលជាច្រើនម៉ោង ប៉ុន្តែបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីពន្យាពេលរួច ។
ចំណែកឯមូលហេតុបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវ ពុំត្រូវបានដឹងច្បាស់ភ្លាមៗនោះទេ ខណៈការស៊ើបអង្កេត កំពុងធ្វើឡើង ៕
