ភារធារីបណ្តោះអាសន្នរបស់រុស្ស៊ី ប្រចាំនៅទួរគី គឺលោក Alexey Ivanov បាននិយាយទៅកាន់សារព័ត៌មាន TASS ថា រុស្ស៊ីត្រៀមរៀបចំការចរចាជាមួយភាគីអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ពេលណាក៏បាន ប៉ុន្តែទីក្រុងគីវមិនបានឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមពីមុននោះឡើយ។
លោក Ivanov បាននិយាយថា៖ «ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា យើងត្រៀមជាស្រេច ដើម្បីបន្តការចរចាដោយផ្ទាល់ជាមួយភាគីអ៊ុយក្រែន ជាមួយគណៈប្រតិភូអ៊ុយក្រែន។ ហើយដៃគូទួរគីរបស់យើងក៏បានសង្កត់ធ្ងន់ជាប់ជានិច្ចដែរថា វេទិកាអ៊ីស្តង់ប៊ុល នៅតែមានសម្រាប់ពួកយើង ពោលគឺទ្វារទាំងនេះនៅតែបើកចំហរហូត»។

អ្នកការទូតរូបនេះបានបន្ថែមថា៖ «ប្រសិនបើទីក្រុងគីវ បង្ហាញឆន្ទៈនយោបាយ ពួកយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាបែបនេះ ពេលណាក៏បាន»។
លោក Ivanov បានកត់សម្គាល់ថា ភាគីរុស្ស៊ីបានបង្ហាញសំណើមួយចំនួន ក្នុងអំឡុងពេលមានការចរចាជុំមុនៗ។ លោកបានបន្ថែមថា៖ «ប្រភេទនៃគំនិតផ្តួចផ្តើមជាច្រើនត្រូវបានលើកឡើង ក្នុងនោះរួមទាំងការបង្កើតក្រុមការងារតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ៣ក្រុមផងដែរ។ តែជារឿងគួរឲ្យសោកស្ដាយណាស់ យើងមិនទាន់ទទួលបានការឆ្លើយតបជាវិជ្ជមាន ចំពោះគំនិតផ្តួចផ្តើមទាំងនេះពីភាគីអ៊ុយក្រែននៅឡើយទេ»៕
