ក្រសួងការបរទេស នៅថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងចូលរួមគាំទ្រ ចំពោះសេចក្ដីសម្រេចប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) ដែលលើកនូវក្ដីបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្ស នៅកូរ៉េខាងជើង ដោយប្រឆាំងនឹងការរំពឹងទុកមួយចំនួន ដែលថា ទីក្រុងសេអ៊ូល អាចនឹងដកការគាំទ្រ ដើម្បីចៀសវាងកុំធ្វើឲ្យទីក្រុងព្យុងខឹងសម្បា។
កន្លងមក កូរ៉េខាងជើងបានថ្កោលទោសសេចក្ដីសម្រេចនេះ ហើយក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសេរីនិយមមុននេះ ទីក្រុងសេអ៊ូលមិនបានបង្ហាញការគាំទ្រនោះទេ ដោយមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង។

កូរ៉េខាងត្បូងបានគាំទ្រសេចក្ដីសម្រេចសិទ្ធិមនុស្ស រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៨ មុនពេលជ្រើសរើសមិនគាំទ្រ នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២២ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Moon Jae-in ដោយសារតែបារម្ភថា វាអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងអន្តរកូរ៉េ។ ទីក្រុងសេអ៊ូលបានចូលរួមគាំទ្រឡើងវិញ ក្នុងឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអភិរក្សនិយម លោក Yoon Suk Yeol។
ចំណែកមេដឹកនាំសេរីនិយម លោក Lee Jae Myung បានចូលកាន់តំណែង កាលពីខែមិថុនា ដោយសន្យាថា នឹងស្តារកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំង២ ប៉ុន្តែកូរ៉េខាងជើងបានច្រានចោលការប្រឹងប្រែងរបស់លោក រហូតមកដល់ពេលនេះ។
កាលពីចុងខែតុលា អង្គការសិទ្ធិមនុស្ស ដែលរួមមានទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សផងដែរ បានផ្ញើលិខិតចំហមួយទៅកាន់លោក Lee ដោយជំរុញឲ្យលោក «ប្រកាន់ជំហរជាគោលការណ៍ ជុំវិញការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់កូរ៉េខាងជើង» ដោយរួមគាំទ្រលើសេចក្ដីសម្រេចរបស់ UN៕
