លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអេហ្ស៊ីប លោក Abdel Meguid Sakrថា រុស្ស៊ី និងអេហ្ស៊ីប គួរតែធ្វើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិរបស់ពួកគេ និងរៀបចំព្រឹត្តិការណ៍ហ្វឹកហ្វឺនប្រយុទ្ធឲ្យបានទៀងទាត់។

លោកបាននិយាយថា៖«យើងគិតថា វាសំខាន់ណាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិរុស្ស៊ី និងអេហ្ស៊ីប ជាពិសេស ដើម្បីធ្វើវគ្គហ្វឹកហ្វឺនប្រយុទ្ធរួមគ្នាជាប្រចាំ និងពង្រីកមូលដ្ឋាននីតិបញ្ញត្តិសម្រាប់កិច្ចសហប្រតិបត្តិការយោធា។ នេះក៏ជាការប្រសើរផងដែរ ក្នុងការពង្រីកការអនុវត្តការបណ្តុះបណ្តាលទាហានអេហ្ស៊ីប នៅតាមសាកលវិទ្យាល័យនានារបស់ក្រសួងការពារជាតិរុស្ស៊ី» ដោយបន្ថែមថា គណៈកម្មការរុស្ស៊ី-អេហ្ស៊ីបសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ជួបគ្នាជាប្រចាំ។
លោកបានសង្កត់ធ្ងន់ថា៖«អាវុធ និងយានយន្តផលិតដោយរុស្ស៊ី ដែលផ្គត់ផ្គង់ដល់អេហ្ស៊ីប បានក្លាយជាធាតុសំខាន់មួយនៃការពង្រឹងប្រព័ន្ធការពារជាតិដ៏ទូលំទូលាយរបស់ប្រទេសអ្នក។ ភាពជឿជាក់នៃទំនិញផលិតដោយរុស្ស៊ី អាចធ្វើឲ្យកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបរក្សាការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ក្នុងកម្រិតខ្ពស់»៕
