ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa គឺជាអតីតមេបញ្ជាការក្រុមអាល់កៃដារហូតដល់ត្រូវទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោនថា ជាភេរវករបរទេស និយាយប្រាប់ទូរទស្សន៍ Fox News ថា ទំនាក់ទំនងរបស់លោកជាមួយក្រុមជីវពលមួយនេះ គ្រាន់តែជាបញ្ហាពីមុនប៉ុណ្ណោះ ហើយពុំត្រូវបានពិភាក្សានៅក្នុងជំនួបកាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នោះឡើយ ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានដកលោក Sharaa ចេញពីបញ្ជីទណ្ឌកម្ម “ភេរវករ” មុនជំនួបរវាងមេដឹកនាំថ្មីរបស់ប្រទេសស៊ីរីនេះជាមួយលោក Trump ។
ការដកលោក Sharaa ចេញពីបញ្ជីទណ្ឌកម្មជាផ្លូវការ គឺជាចំណាត់ការចុងក្រោយ ដែលមានន័យថាដកចេញនូវឧបសគ្គដ៏មានសក្តានុពលចំពោះការស្វែងរកសមាហរណកម្មសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសស៊ីរី ក្រោយសង្គ្រាមស៊ីវិលដ៏បំផ្លិចបំផ្លាញជាច្រើនឆ្នាំ និងការផ្តួលរំលំរបស់របស់អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ ។
លោក Sharaa និយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា លោកបានទាក់ទងម្តាយរបស់លោក Austin Tice ដែលជាអ្នកធ្វើសេចក្តីរាយការណ៍សហរដ្ឋអាមេរិកបាត់ខ្លួន នៅក្នុងប្រទេសស៊ីរី ហើយលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដែលលោកអាចស្វែងរកដំណឹងអ្នកសារព័ត៌មានរូបនេះបាន ៕
