
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញចំនួន១១អគារលើផ្ទៃដីជាង៧ហិចតា នៅរសៀលថ្ងៃទី១៤ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការ សាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតំរូវឲ្យធ្វើការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។
ពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤កុម្ភៈនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
តាមការឲ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ.១៩នេះ មានឈ្មោះ តេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន ១១អាគារ លើផ្ទៃដីជាង ៧ហិកតាស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំ។
ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩ ឲ្យបានឆាប់រហ័សដើម្បីបំពេញតំរូវការចាំបាច់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ.១៩ ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័ស ចូលក្នុងសហគមន៏ ដោយបានបំប្លែងខ្លួនជាអូមីក្រុង នឹងមានការ ឆ្លងលឿនទៀតផង។
មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៏ពីការរាលដាល នៃជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ ៣ការពារ៣កុំឲ្យបានម៉ត់ចត់ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ.១៩ឲ្យបានគ្រប់ដូសនិងដូសជំរុញ។ ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩នាពេលនេះ បានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថា វានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មី ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ.១៩ នេះក៏ជាសមិទ្ធិផលថ្មី ដែល នឹង កើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





