ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានកោតសរសើរទំនាក់ទំនងរវាងប្រទេសទាំង ២ ស្របពេលដែលពួកគេជួបគ្នានៅឯវិមានក្រឹមឡាំងនាថ្ងៃពុធនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយកាលពីថ្ងៃអង្គារថា លោក Putin និងលោក Tokayev គ្រោងពិភាក្សាលើគម្រោងឧស្ម័ន និងផលវិបាកនៃទណ្ឌកម្មប្រេងសហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងរុស្ស៊ី ។

លោក Peskov និយាយផងដែរថា លោក Putinចង់ស្តាប់ឮការជជែកពិភាក្សាដែលលោក Tokayev និងមេដឹកនាំអាស៊ីកណ្តាលផ្សេងទៀត មានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ។
កាហ្សាក់ស្ថាន បានដើរលើខ្សែពួរការទូតដ៏តឹង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន រក្សាទំនាក់ទំនងជិតស្និតជាមួយប្រទេសជិតខាង និងប្រទេសដៃគូពាណិជ្ជកម្មសំខាន់រុស្ស៊ី ខណៈបង្ហាញការគាំទ្រចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ។
រុស្ស៊ីបានក្លាយជាមហាអំណាចខាងក្រៅជាយូរមកហើយនៅតំបន់អាស៊ីកណ្តាល បើទោះបីជាចិនមានឥទ្ធិពលខ្លាំងក៏ដោយ ហើយមហាអំណាចលោកខាងលិច កំពុងសំឡឹងរកមើលការពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងតំបន់មួយនេះ ៕
