ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាននិយាយនៅថ្ងៃពុធនេះថា ក្រុមអាជ្ញាធរ បានរកឃើញប្រអប់ខ្មៅយន្តហោះដឹកទំនិញយោធាទួរគី ដែលបានធ្លាក់ ហើយការអង្កេត បានបន្តដើម្បីកំណត់មូលហេតុនៃការធ្លាក់យន្តហោះនេះ ។ លោកថា ក្រុមអាជ្ញាធរ បានរកឃើញសាកសពមនុស្ស ១៩នាក់ ។
យន្តហោះ C-130 បានហោះចេញពីប្រទេសអាស៊ែបៃហ្សង់ តាមផ្លូវត្រឡប់មកកាន់ប្រទេសទួរគីវិញ ហើយនិងបានធ្លាក់នៅប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃអង្គារ ដោយបានសម្លាប់ទាហានទួរគីទាំងអស់ ២០នៅលើយន្តហោះ ។

លោក Erdogan និយាយថា ក្រុមការងារមានគ្នា ៤៦នាក់ ត្រូវបានបញ្ជូនចេញពីប្រទេសទួរគី ដើម្បីចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះ ជាមួយក្រុមអាជ្ញាធរហ្សកហ្ស៊ី ។
ក្រុមអ្នកវិភាគមួយចំនួន និយាយថា រូបភាពវីដេអូឃ្លីប និងរូបថតសន្លឹក បង្ហាញថា យន្តហោះបានដាច់ជាចំណែកនៅពាក់កណ្តាលហោះហើរ ហើយពួកគេបន្តថា កងយន្តហោះ C-130 របស់ទួរគី មានវ័យចំណាស់ណាស់ទៅហើយ ហើយត្រូវការជំនួសយន្តហោះថ្មី បើទោះបីជាមានភាពជឿជាក់របស់យន្តហោះក៏ដោយ ។
គេហទំព័រ FlightRadar24 និងក្រុមអ្នកវិភាគការពារជាតិទួរគី និយាយថា យន្តហោះដែលបានធ្លាក់ មានអាយុកាល ៥៧ឆ្នាំ ហើយនិងបានចូលរួមជាមួយកងកម្លាំងអាកាសទួរគី កាលពីឆ្នាំ ២០១០ ។
ហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃអង្គារនេះដែរ គឺជាឧបទ្ទេវហេតុធ្លាក់យន្តហោះយោធាស្លាប់មនុស្សច្រើនបំផុតរបស់ទួរគី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ ៕
