
ភ្នំពេញ៖ ហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សព្វផ្សាយថា នៅរសៀលថ្ងៃទី១៤ កុម្ភៈនេះ ឯកឧត្ដមបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកជំទាវ អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវែស។
ប្រភពដដែលបន្តថា ន័រវែសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។ កម្ពុជាទន្ទឹងរង់ចាំន័រវែសធ្វើជាភ្ញៀវរបស់ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ ព្រមទាំងកិច្ចប្រជុំត្រីភាគីជាមួយលេខាធិការដ្ឋានអាស៊ាននៅក្នុងឆ្នាំនេះ។ យើងក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
យើងទាំងពីរបានឯកភាពគ្នាថា នឹងបន្តរិះរកមធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទាញយកផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើង៕ដោយ៖ គង់ ឌិន
